នាល្ងាចថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួល មរណភាព កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១:០៤នាទីរសៀល ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ និងក្រុមគ្រួសារនៃសពឧបាសិកា គង់ ណម (ត្រូវជាម្តាយក្មេករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា) ដែលបានទទួល មរណភាព កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
កម្មវិធីបុណ្យនៃសពទាំង២ ខាងលើ បាន និងកំពុងប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅតាមគេហដ្ឋាននៃក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

















