(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះសារលិខិតជូនពរចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
តាមរយៈសារលិខិតថ្លែងអំណរគុណ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ព្រមទាំងបានគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏អង់អាច ភាពឈ្លាសវៃ និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណពេញមួយជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាង ការពារមាតុភូមិ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់បន្ថែមអំពីការរួមចំណែកយ៉ាងសំខាន់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងការលើកកម្ពស់សិទ្ធិ និងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ ការពង្រឹងអភិបាលកិច្ចល្អ និងការជំរុញកិច្ចការសង្គមកិច្ច សាសនា និងមនុស្សធម៌ ឱ្យទទួលបានសមិទ្ធផលជាទីមោទនៈ។
ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


