ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង CCIFC របស់បារាំង ផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា ដេីម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែម


(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ។

ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា នេះ ដោយមានលោកអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ជាអ្នកតំណាងស្ថាប័ន ក.អ.ក. ផ្លាស់ប្តូរជាមួយលោក Pascal Catry ប្រធាន CCIFC។

ពិធីផ្លាស់ប្តូរឯកសារអនុស្សារណៈលើការយោគយល់គ្នានាល្ងាចនេះក៏មានការចូលរួមជាសក្ខីភាពផងដែរពីសំណាក់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកអនុប្រធាន CCIFC, និងលោកនាយកប្រតិបត្តិ CCIFC រួមទាំងមានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។

តាមរយៈ ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគពីបារាំងមកកាន់កម្ពុជា បើកទំព័រថ្មីមួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងឧស្សាហកម្មរវាងកម្ពុជា និងបារាំង ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕