អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវប្រគល់ជូនពលរដ្ឋខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងជាង៣ពាន់គ្រួសារ នៅស្រុកមោងឫស្សី


(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣,១០៨គ្រួសារ នៅក្នុងស្រុកមោងឫស្សី។

ការផ្តល់អំណោយនេះ គឺក្នុងគោលបំណងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ក្នុងឱកាសនោះ ឯកឧត្តម  សុខ លូ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំប្រជាកសិករឱ្យខិតខំបង្កើនការដាំដុះដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន។

ឯកឧត្តម  សុខ លូ បានក្រើនរំលឹកប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោត ត្រូវនាំទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្ត ​បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការមានស្មារតីជាតិនិយម រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។

ប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕