អភិបាលខេត្តតាកែវ ណែនាំមន្ត្រីពន្ធដារឲ្យពិចារណាឱ្យបានល្អិតល្អន់ មុននឹងតម្លើងពន្ធអចលនទ្រព្យ និងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ


(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំមន្រ្តីសាខាពន្ធដារខេត្ត ត្រូវសិក្សា និងពិចារណាឱ្យបានល្អិតល្អន់មុននឹងតម្លើងពន្ធអចនទ្រព្យ និងពន្ធប្រថាប់ត្រា លើការផ្ទេកម្មសិទ្ធិនៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

ការណែនាំបែបនេះរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពី​ការធ្វើបច្ចុប្បន្នភាពឧបសម្ព័ន្ធ នៃការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ ដើម្បីប្រើប្រាស់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលរៀបចំដោយសាខាពន្ធដារខេត្តតាកែវ​​ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២៦នេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងថា ការប្រមូលចំណូលពន្ធចូលថវិកាជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក៏ប៉ុន្តែមន្រ្តីពន្ធដារ ក៏ត្រូវធ្វើការថ្លឹងថ្លែង​ និងសិក្សាឲ្យបានស៊ីជម្រៅផងដែរចំពោះស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃ ហើយថាការតម្លើងពន្ធអចលនទ្រព្យលើតំបន់មួយចំនួន វាមានផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ​ និងអ្នកវិនិយោគដែរ​ ឬទេ?

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំមន្រ្តីសាខាពន្ធដារខេត្ត ត្រូវធ្វើការជជែកពិភាក្សាឱ្យបានច្បាស់លាស់ជាមួយអភិបាលក្រុង ស្រុក​ដែលនៅជាប់និងបងប្អូនប្រជាពលរដ្ឋ និងត្រូវចុះទៅប្រមូលទិន្នន័យឱ្យបាន ត្រឹមត្រូវដល់មូលដ្ឋាន ដើម្បីឱ្យការកំណត់តម្លៃមូលដ្ឋានគិតពន្ធមានភាពសមហេតុផល ឆ្លើយតបទៅនឹងតម្លៃទីផ្សារជាក់ស្តែងនាពេលបច្ចប្បន្ន។

លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត​ បានស្នើឱ្យមន្រ្តីពន្ធដារពិនិត្យលើតម្លៃទីផ្សារអចលនទ្រព្យមានចរន្តកម្រិតណា និងមានភាពលក់ទិញដូកម្រិតណា? ព្រោះស្រុកកោះអណ្ដែត មិនមានអ្នកវិនិយោគណាចូលមកវិនិយោគ លើអចនទ្យព្យនោះទេ គឺមានតែបងប្អូនប្រជាពលរដ្ឋទិញដីបង្កើនលំនៅដ្ឋានតែប៉ុណ្ណោះ។

លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង​ និងលោក រឿម វណ្ណរី អភិបាលរងស្រុកបាទី ក៏បានស្នើឱ្យមន្រ្តីពន្ធដារធ្វើការទម្លាក់ថ្លៃពន្ធអចនទ្រព្យលើតំបន់មួយចំនួននៅក្នុងស្រុកទ្រាំង​ និងស្រុកបាទី ដែលមន្រ្តីពន្ធដារគ្រោងតម្លើងតម្លៃនៅពេលខាងមុខផងដែរ។

បើយោងតាមសេចក្ដីព្រាងរបស់សាខាពន្ធដារខេត្តតាកែវ តម្លៃអចលនទព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅតាមតំបន់ និងបណ្ដោយផ្លូវមួយចំនួនធំក្នុងខេត្តតាកែវ ត្រូវបានតម្លើង និងមួយចំនួនតូចត្រូវបានទម្លាក់តម្លៃ៕