សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះមហាក្សត្រ ចំពោះព្រះរាជសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជសារលិខិតជូនពរចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយព្រះរាជហឫទ័យប្រោសប្រណី និងប្រទានព្រះសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយយ៉ាងក្រៃលែង និងបានគូសបញ្ជាក់ថា ព្រះរាជសារលិខិតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ពិតជាបានលើកទឹកចិត្តដល់សម្តេចឱ្យបន្តប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិ ក្រោមម្លប់ដ៏ត្រជាក់ត្រជំ និងព្រះរាជកិច្ចដឹកនាំដោយព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពស់បំផុតរបស់ព្រះអង្គ។

សម្តេចប្រធានរដ្ឋសភា បានរំលេចផងដែរថា ក្នុងនាមជាវីរៈព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជានុរាស្ត្រទូទាំងនគរ ព្រះករុណាតែងតែមានព្រះរាជហឫទ័យបារម្ភជានិច្ចពីសុខទុក្ខរបស់ប្រជារាស្ត្រ ព្រមទាំងបានយាងបំពេញព្រះរាជបូជនីយកិច្ចប្រកបដោយទសពិធរាជធម៌ ក្នុងការពង្រឹងសាមគ្គីភាព ការពារឯករាជ្យជាតិ បូរណភាពជាតិ ការផ្សះផ្សាជាតិ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរសប្បាយ។

ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី «ព្រះបរមរតនកោដ្ឋ» សូមតាមជួយបីបាច់ថែរក្សា និងប្រទានព្រះរាជសព្ទសាធុការពរជ័យថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕