សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចមហាមន្ត្រី គុយ សុផល ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចំពោះសារលិខិតជូនពរចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

តាមរយៈសារលិខិតដែលធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ព្រមទាំងបានគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភក្តីភាពដ៏មោះមុត ភាពឈ្លាសវៃ និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចមហាមន្ត្រី គុយ សុផល ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណ ដង្ហែតាមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់បន្ថែមអំពីការរួមចំណែកយ៉ាងសំខាន់របស់ សម្តេចមហាមន្ត្រី ក្នុងការបំពេញព្រះរាជបេសកកម្មមនុស្សធម៌ ការលើកកម្ពស់ព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណីជាតិ ព្រមទាំងការថែរក្សាសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងទាំងផ្នែក «អាណាចក្រ និងពុទ្ធចក្រ»។

ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងព្រះបរមរាជវាំង សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕