កម្ពុជា-ថៃ នឹងជួបប្រជុំលើកទី៣ ក្រោមយន្តការផ្សះផ្សា UNCLOS នៅម៉ាឡេស៊ី ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ដើម្បីពិភាក្សាបច្ចេកទេសកំណត់ព្រំដែនសមុទ្រ


(ភ្នំពេញ)៖ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ផ្អែកតាមការប្រកាសរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS នេះ គឺជាជំហានវិជ្ជមានមួយទៀត នៅក្នុងដំណើរការដោយសន្តិវិធីដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយវិវាទលើដែនសមុទ្ររវាងប្រទេសទាំងពីរ។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេស ខណៈកិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាស ដើម្បីស្វែងរកបន្ថែមទៀតនូវចំណុចរួម និងការឯកភាពគ្នាផងដែរ។

គណៈប្រតិភូកម្ពុជាដែលនឹងចូលរួមកិច្ចប្រជុំនេះ នឹងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាល, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាតំណាងរងរបស់រាជរដ្ឋាភិបាល ដោយមានប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់អមដំណើរ។

តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅដល់ការចុះសន្ធិសញ្ញាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ សម្រាប់គ្រប់គោលបំណង រវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។ ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញា UNCLOS។

ជាមួយគ្នានេះ កម្ពុជាបានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រធាន និងសមាជិកដ៏ឧត្តុង្គឧត្តមនៃគណៈកម្មការ ចំពោះការអនុវត្តវិធីសាស្ត្រដ៏សមស្រប និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិធានការកសាងទំនុកចិត្ត ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំលើកចុងក្រោយ នៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦។ កម្ពុជានឹងចូលរួមកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយរំពឹងថានឹងធ្វើការរួមគ្នាជាមួយគណៈកម្មការ និងព្រះរាជាណាចក្រថៃ ដើម្បីឈានទៅរកលទ្ធផលមួយដ៏យុត្តិធម៌ និងស្ថិតស្ថេរយូរអង្វែង៕