(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងជាថវិកា ចំនួន ២០៤,១០១ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្រោមគ្រោង ការណ៍ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ)។
ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម អុីស៊ីហ៊ុគិ ហ៊ីដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានបន្ទប់រៀនចំនួន៤ និងការតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤៩មុខ សម្រាប់ដេប៉ាតឺម៉ង់កែច្នៃ និងវិភាគចំណីអាហារ នៅវិទ្យា ស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។
បរិក្ខារៈនិងឧបករណ៍ទាំងនេះនឹងជួយឱ្យសិស្សទទួលបានជំនាញជាក់ស្តែង ដែលចាំបាច់ក្នុងការងារ ព្រមទាំងរួមចំណែកក្នុងការធ្វើសមាហរណកម្ម ពលករចំណាកស្រុកដែលត្រឡប់មកវិញ ឱ្យចូលទៅក្នុងសង្គមកម្ពុជា បន្ទាប់ពីជម្លោះព្រំដែន និងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅក្នុងតំបន់។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយ ផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ ក្នុងភាសា ជប៉ុន គូសាណូណិ មានន័យថា «ឬសស្មៅ»។ នៅក្នុងរយៈពេលជាង ៣៥ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បាន អនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។
ឯកឧត្តម សង្ឃឹមថា គម្រោងនេះនឹងចូលរួមចំណែកកែលម្អបរិយាកាសបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្ត បាត់ដំបង និងតំបន់ជុំវិញ ដោយផ្ដល់ឱកាសកាន់តែច្រើនដល់យុវជន និងពលករចំណាកស្រុកដែលវិល ត្រឡប់មកវិញ ក្នុងការទទួលបានជំនាញជាក់ស្តែង ពង្រីកឱកាសការងារ និងជួយសម្រួលដល់ការធ្វើស មាហរកម្ម ពួកគេឱ្យចូលទៅក្នុងសង្គមកម្ពុជាវិញ។ តាមរយៈគម្រោងនេះ សង្ឃឹមថាធនធានមនុស្ស ដែលមានជំនាញក្នុងវិស័យកែច្នៃចំណីអាហារនឹងត្រូវបានអភិវឌ្ឍ ដែលនឹងជួយជំរុញដល់ការធ្វើពិពិធ កម្មឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
បើតាមលោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល ប្រជាជនជប៉ុន និងស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ការគាំទ្រយ៉ាងថ្លៃថ្លាដល់ការសាងសង់អគារបណ្តុះបណ្តាល ព្រមទាំងបំពាក់ឧបករណ៍ និងបរិក្ខារពិសោធន៍-អនុវត្តសរុបចំនួន ៤៩មុខ ដែលជាផ្នែកមួយ យ៉ាងសំខាន់ក្នុងការភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង។
នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានឱ្យដឹងថា វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ត្រូវបានបណ្តុះឡើងចេញពីអង្គការសន្ធិស្ម័គ្រចិត្តជប៉ុនតាំង ពីឆ្នាំ១៩៩២ មកម្ល៉េះ។ នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) និងប្រជាជនជប៉ុន បានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ការដែលរដ្ឋា ភិបាលជប៉ុនផ្តល់ជំនួយបន្ថែមលើការសាងសង់អគារ និងបំពាក់បរិក្ខារបច្ចេកទេស មិនត្រឹមតែជាការគាំទ្រផ្នែកហេដ្ឋា រចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើធនធានមនុស្ស ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា។
លោកថាអគារបណ្តុះបណ្តាលថ្មីនេះនឹងបង្កើតនូវបរិយាកាសសិក្សា និងបណ្តុះបណ្តាលប្រកបដោយស្តង់ដា សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ទាំងសម្រាប់ការបង្រៀនទ្រឹស្ដី ការអនុវត្តក្នុងមន្ទីរ ពិសោធន៍ និងការបណ្ដុះបណ្តាលជំនាញឯកទេស កែច្នៃ និងវិភាគអាហារ។ នៅក្នុងបរិបទដែលវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផលកំពុងដើរតួនាទីជាក្បាលម៉ាស៊ីន យ៉ាងសំខាន់ នៃសេដ្ឋកិច្ចជាតិ ការពង្រឹងជំនាញបច្ចេកទេសលើការកែច្នៃអាហារ ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។
នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានបញ្ជាក់ថា អគារ និងបរិក្ខារថ្មីនេះនឹងជួយឱ្យសិក្ខា កាមទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសជាក់ស្ដែង ឆ្លើយតបចំតម្រូវការទីផ្សារការងារ និងសហគ្រាសក្នុងស្រុក ជាពិសេសវានឹងជួយ ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ព្រមទាំងលើកកម្ពស់ឱកាស ការងារ និងការបង្កើតមុខរបរស្វ័យនិយោជន៍សម្រាប់ សិស្ស-និស្សិតដែលបញ្ចប់ការសិក្សា៕





