បញ្ចប់ចម្ងល់ពលរដ្ឋពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម, សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាដើរលឿនជាងគេ បានចុះកិច្ចព្រមព្រៀងជាមួយអាមេរិក តាំងពីមួយឆ្នាំមុនមកម្ល៉េះ


(ភ្នំពេញ)៖ ឆ្លើយតបចម្ងល់របស់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅប្រទេសហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ ដោយបានចោទសំណួរថា ហេតុអ្វីកម្ពុជាមិនចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់ចម្ងល់នេះ ដោយបញ្ជាក់ថា កម្ពុជា និងអាមេរិក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ តាំងពីមួយឆ្នាំមុនមកម្ល៉េះ ដែលជាប្រទេសដំបូងគេ ដែលចុះកិច្ចព្រមព្រៀងជាមួយអាមេរិក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧។

សម្ដេចបញ្ជាក់ទៀតថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក បានលឿនជាងគេនេះ បានជួយឱ្យកម្ពុជារងពន្ធបដិការរបស់អាមេរិក ត្រឹមតែ ១០% ប៉ុណ្ណោះ ខណៈប្រទេសថៃរងពន្ធបដិការ ១២.៥% លើសកម្ពុជា។

ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅខេត្តកំពង់ចាម។

សម្ដេចបានថ្លែងដូច្នេះថា៖ «កម្ពុជាទទួលពន្ធបដិការអាមេរិក បច្ចុប្បន្នអប្បបរមា គឺ១០% ហើយថៃ ១២.៥% ខ្ពស់ជាងយើង។ អ៊ីចឹងសម្រាប់អ្នកដែលឆ្ងល់ថា ហេតុអីយើងមិនបានចរចា យើងបានចរចារួចទៅហើយ ហើយយើងបានចរចាទទួលបាននូវផលអប្បបរមានៃពន្ធជាមួយអាមេរិក។ អ៊ីចឹងសូមកុំឱ្យថា ឃើញថៃចរចា ម៉េចកម្ពុជាមិនចរចា។ យើងអត់បានចរចាម្សិលមិញទេ ព្រោះយើងចរចាមួយឆ្នាំមុនរួចទៅហើយ។ យើងដើរលឿនមួយឆ្នាំមុនរួចទៅហើយ។ អ្វីដែលពាក់ព័ន្ធផលប្រយោជន៍សេដ្ឋកិច្ចរបស់យើងដើរលឿន ព្រោះបើសិនជាមិនចរចាពន្ធលឿនទេ វាពាក់ព័ន្ធការនាំចេញរបស់យើង»។

សូមជម្រាបថា កម្ពុជាជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ដែលការចុះកិច្ចព្រមព្រៀងនេះ បានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក។

គួររំលឹកថា ទាក់ទងនឹងការកំណត់ពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងមក មានការប្រែប្រួលជាបន្តបន្ទាប់។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានកំណត់បដិការលើការនាំចូលទំនិញពីកម្ពុជាក្នុងអត្រា៤៩%។ ក្រោយពីកម្ពុជាបានចរចាជាច្រើនលើក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អត្រាពន្ធបដិការត្រូវបានកំណត់ជាថ្មីក្នុងអត្រា១៩%។ តែយ៉ាងណាមិញ អត្រាពន្ធដែលបានកំណត់នេះ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានសម្រេចលុបចោលពន្ធដោយសារខុសច្បាប់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

យ៉ាងនេះក្ដី តាមច្បាប់ពាណិជ្ជកម្មអាមេរិក ក្នុងមាត្រា ១២២ បានអនុញ្ញាតឱ្យប្រធានាធិបតីអាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់១៥% ក្នុងរយៈពេល១៥០ថ្ងៃ។ ដូច្នេះហើយ លោក ដូណាល់ ត្រាំ បានសម្រេចដាក់ ១០% ទៅលើគ្រប់បណ្ដាប្រទេសទាំងអស់។ ពន្ធនេះត្រូវបានអនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជំនួសមកវិញដោយពន្ធលើមាត្រា ៣០១។

តាមរយៈមាត្រា ៣០១នេះ សហរដ្ឋអាមេរិកបានស៊ើបអង្កេតទៅប្រទេសចំនួន៦០ លើ២ចំណុច៖ Force Labor (ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬទិញសម្ភារពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ) និង Excess Capacity (ការផលិតបានច្រើនលើសអ្វីៗដែលផលិត ហើយមានការចូលរួមឧបត្ថម្ភធនទៅដល់ក្រុមហ៊ុនដើម្បីផលិតបានច្រើនលក់ទៅសហរដ្ឋអាមេរិក ដោយមានការប្រកួតប្រជែងត្រឹមត្រូវ)។

ក្រោយការស៊ើបអង្កេត សហរដ្ឋអាមេរិកបានកំណត់ពន្ធថ្មី ក្នុងអត្រាចាប់ពី១០% ទៅ១២.៥% បូក MFN។ ដូច្នេះ ប្រទេសទាំង៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិក ត្រូវអនុវត្តពន្ធថ្មីដែលបានកំណត់ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយកម្ពុជា រួមនឹងប្រទេស២ទៀត រួមមាន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ត្រូវអនុវត្តពន្ធបដិការ ១០% បូក MFN ខណៈប្រទេស៣៨ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN។

បច្ចុប្បន្នកម្ពុជាអនុវត្តអត្រាពន្ធបដិការថ្មី ដែលអាមេរិកដាក់មកលើខ្លួន គឺ១០% បូកអត្រា MFN មិនមែន១០% បន្ថែមលើពន្ធ១៩% នោះទេ៕