(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា គឺជាឱកាសដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការលើកបង្ហាញពីបញ្ហា និងផលប៉ះពាល់ដែលកម្ពុជាបានរងគ្រោះបណ្តាលមកពីជម្លោះព្រំដែនជាមួយប្រទេសថៃ ឲ្យបណ្តាថ្នាក់ដឹកនាំពិភពលោកបានដឹង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង ២កម្រិតនេះ ចំនួន ១០៤នៅទូទាំងប្រទេស។
ជុំវិញការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជក់ដូចនេះថា« ជាឱកាសបង្ហាញអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅលើវេទិកា ដើម្បីឲ្យថ្នាក់ដឹកនាំពិភពលោកបានដឹង, ប្រទេសថៃថា ម៉េចបានជាយើងយកកម្មវិធីទ្វេភាគី បញ្ហាទ្វេភាគី ទៅបញ្ហាពហុភាគី ខ្ញុំបានប្រាប់នៅហ្វីលីពីន (កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩) ខ្ញុំជួបជាមួយថ្នាក់ដឹកនាំថៃ និយាយផ្ទាល់គ្នាតែម្តង ខ្ញុំថាឥឡូវខ្ញុំប្រាប់ថាហេតុអីបានជាយើងយកបញ្ហាទ្វេភាគី ទៅដាក់នៅវេទិកាពហុភាគី និងហេតុអីបានជាយើងនិយាយពីរម៉ឺននាក់ ហើយខ្ញុំក៏បានពន្យល់ទៅអ្នកផ្សេង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រឿងមិនមែនរឿងយកបញ្ហាទ្វេភាគី ទៅជជែកនូវបញ្ហានៅវេទិកាពហុភាគីទេ សម្តេចបញ្ជាក់ថា វេទិកាពហុភាគី គឺជាវេទិកាដែលប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា មិនថាប្រទេសតូច ប្រទេសធំ ដើម្បីលើកយកនូវបញ្ហាផ្សេងៗ ជាពិសេសបញ្ហាដែលពាក់ព័ន្ធជាមួយនឹងខ្លួនឯង ដើម្បីចែកឲ្យគ្រួសារដែលនៅក្នុងសហគមន៍ឲ្យបានដឹង, កម្ពុជាគឺយករឿងដែលពាក់ព័ន្ធបញ្ហាដែលយើងក្នុងនាមជាប្រទេសជាសមាជិកពេញសិទ្ធិមួយ ដែលកម្ពុជាកំពុងប្រឈម ហើយឲ្យសមាជិកគ្រួសារអាស៊ាន និងសមាជិកហ្វ្រង់កូហ្វូនី បានដឹងពីបញ្ហារបស់យើងនៅក្នុងវេទិកាហ្នឹង ហើយគ្រាន់តែរឿងហ្នឹងវាទាក់ទងជាមួយនឹងបញ្ហាកម្ពុជា-ថៃ តែប៉ុណ្ណឹង អញ្ចឹងហើយគឺជាសិទ្ធិរបស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៀតថា ប្រធានបទធំនៃកិច្ចប្រជុំគឺ «សន្តិភាព» ដូចនេះគឺគេឱ្យលើកពីបញ្ហាពាក់ព័ន្ធនឹងសន្តិភាព និងការចែករំលែកពីផលនៃសន្តិភាព និងការថែទាំងសន្តិភាព ដូចនេះការលើកឡើងពីរឿងជម្លោះព្រំដែនកម្ពុជា-ថៃ កម្ពុជាដែលផលប៉ះពាល់ជាអវិជ្ជមាននៅពីជម្លោះព្រំដែនកម្ពុជាថៃ នៅក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជា គឺគ្រាន់តែឱ្យបណ្តាថ្នាក់ដឹកនាំទាំងអស់ជុំវិញពិភពលោក បានដឹងពីបញ្ហារបស់កម្ពុជាដែលបង្ករដោយសារសង្គ្រាម។
ជាមួយនឹងការបញ្ជាក់ពីប្រាប់ដល់បណ្តាថ្នាក់ដឹកនាំទាំងអស់ជុំវិញពិភពលោក បានដឹងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា « ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយប្រទេសថៃ យើងផ្អែកទៅលើកិច្ចព្រមព្រៀង ទៅលើច្បាប់អន្តរជាតិ យើងមិនត្រឹមតែលើកអំពីអ្វីដែលកម្ពុជាប្រឈមទេ ប៉ុន្តែក៏លើកនូវជំហរដំណោះស្រាយគឺការវាស់វែងដែលបានឯកភាពគ្នាហើយនោះ ដើម្បីឲ្យពិភពលោក ឲ្យអង្គការផ្សេងៗ ហើយនិយាយចំៗគ្នា ដើម្បីឱ្យភាគីថៃបានដឹង»។
ជាមួយគ្នានោះជុំវិញបញ្ហាជនភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា កម្ពុជានៅតែទាមទារជាមួយថៃ ឲ្យមានការវាស់វែង ដើម្បីបញ្ជាក់គ្នាឱ្យបានច្បាស់ និងបង្កើតជាតំបន់សុវត្ថិភាពឲ្យប្រជាជនត្រឡប់ទៅវិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កិច្ចប្រជុំកំពូលនេះក៏ជាឱកាសដើម្បីឱ្យយើងធ្វើការងារការទូតបន្ថែមទៀត ក្នុងការចរចាទឹកដី មិនមែនភ្លេចរឿងទឹកដីទេ តែវាជាឱកាសនៅក្នុងការបញ្ជាក់ពីជំហររបស់យើង និងបង្ហាញស្ថានភាពពិតរបស់កម្ពុជា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ទៅដល់ក្នុងវេទិកាអន្តរជាតិ៕




























































