សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ចំពោះសារជូនពរក្នុងឱកាសពិធីចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ចំពោះសារលិខិតជូនពរចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេច កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈសារលិខិតចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពឈ្លាសវៃ សមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់ និងគុណបំណាច់ដ៏ធំធេងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការចូលរួមចំណែកថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពនយោបាយ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមអំពីស្នាដៃដ៏លេចធ្លោរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាពិសេសការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ ការលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែលេចធ្លោត្រដែតឡើងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា។

ជាទីបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕