អាមេរិក-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការនាំមកនូវលទ្ធផលជាក់ស្តែង ខណៈអាមេរិកបន្តគាំទ្រការបោសសម្អាតមីន ជំនួយមនុស្សធម៌តាមព្រំដែន និងការបង្ក្រាបការឆបោកតាមអនឡាញ


(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារជាលើកដំបូង ដោយផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរបៀបដែលអាចនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ខណៈសហរដ្ឋអាមេរិកបន្តគាំទ្រការបោសសម្អាតមីន ជំនួយមនុស្សធម៌តាមបណ្តោយព្រំដែន និងកិច្ចសហការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះការថែរក្សាស្ថិរភាពនៅក្នុងតំបន់ ដោយបន្តកសាងនៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះសហគមន៍នៅតាមបណ្តោយព្រំដែន រួមមានការផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារភៀសខ្លួនជាង ១០.០០០ គ្រួសារ ក៏ដូចជាការគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីននៅទូទាំងភូមិចំនួន ៣៤០ នៅតាមបណ្តោយព្រំដែនផងដែរ។

ក្រៅពីកិច្ចការមនុស្សធម៌ និងស្ថិរភាពតំបន់ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងការជួញដូរគ្រឿងញៀន ដែលកំពុងបង្កការគំរាមកំហែងដល់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជាដូចគ្នា។

តាមរយៈជំនួបនេះ សហរដ្ឋអាមេរិកបានបង្ហាញនូវមោទនភាពក្នុងការឈរនៅជាមួយប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងអនាគតមួយដែលមានសុវត្ថិភាព និងវិបុលភាពកាន់តែខ្លាំងថែមទៀត៕