ឯកឧត្តម សុខ សូកេន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច


ប្រសាសន៍គន្លឹះឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច៖ «សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងនៅក្រសួង និងមន្ទីរអធិការកិច្ចរាជធានី ខេត្ត ចំពោះស្មារតីសាមគ្គីភាពផ្ទៃក្នុង ការសម្របសម្រួល ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរហូតសម្រេចបានសមិទ្ធផលសំខាន់ៗ ដើម្បីបុព្វហេតុស្ថាប័ននិងវិស័យអធិការកិច្ចរបស់យើង»។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំទុកដាក់ផ្ទះ សមិទ្ធផលនានា គំនិតផ្តួចផ្តើមថ្មីៗ ទិសដៅយុទ្ធសាស្ត្រ និងការកែទម្រង់សំខាន់ៗរបស់ក្រសួងអធិការកិច្ច ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាននៃច្បាប់ស្តីពីអធិការកិច្ចដែលមានលក្ខណៈជាប្រព័ន្ធ, ការជំរុញបញ្ចប់វិធាននិងនីតិវិធីប្រតិបត្តិនៃការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ព្រមទាំងការងារដោះស្រាយបណ្តឹង, ការរៀបចំយន្តការត្រួតពិនិត្យ តាមដាននិងវាយតម្លៃ និងការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» ដើម្បីចូលរួមលើកកម្ពស់អភិបាលកិច្ច និងការទាញយកទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹក និងចូលរួមអបអរសាទរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានលទ្ធផលជោគជ័យដ៏ធំធេងជាប្រវត្តិសាស្រ្ត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ព្រមទាំងជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហការផ្ទៃក្នុង, បន្តពង្រឹងការដឹកនាំនិងការគ្រប់គ្រងការងារនៅគ្រប់អង្គភាព, បន្តរក្សាស្មារតីទទួលខុសត្រូវ ពង្រឹងបទបញ្ជាផ្ទៃក្នុងនិងក្រមសីលធម៌ និងបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ព្រមទាំងបានផ្ដល់ថវិកាឧបត្ថម្ភជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ,

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦