នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំផែនការឈានទៅទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅគ្រប់ឃុំ សង្កាត់ទាំង ១,៦៥២ ទូទាំងប្រទេស។ ចំពោះសមាជិកក្រុមប្រឹក្សាតាមឃុំ សង្កាត់នីមួយៗនៅតាមរាជធានី ខេត្ត មានចំនួន ៥រូប ៧រូប ៩រូប ឬ ១១រូប ផ្អែកតាមកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រជាក់ស្តែង ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបទូទាំងប្រទេសសម្រាប់អាណត្តិទី៦ មានចំនួន ១១,៦២២រូប៕


