ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគគិតគូរពីបរិស្ថាន


នៅទីស្តីការក្រសួង នៅថ្ងៃទី៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Phillip Wong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីដតខូ (ខេមបូឌា) បានជួបសំដែងការគួរសម និងបង្ហាញពីការវិយោគនៅកម្ពុជា។ លោក Phillip Wong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីដតខូ (ខេមបូឌា) បានបញ្ជាក់ជូនថាក្រុមហ៊ុន របស់លោកកំពុងវិយោគលើសេវាកម្មសាងសង់ និងជួលបង្គោលអង់តែនទូរស័ព្ទនៅកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនរបស់លោកបានកំពុងប្រតិបត្តិការងារចូលរួមកិច្ចគាំពារបរិស្ថានផងដែរតាមរយៈការតម្លើង និងប្រើប្រាសថាមពលពន្លឺព្រះអាទិត្យ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីសំដែងការលើកទឹកចិត្តចំពោះក្រុមហ៊ុនវិនិយោគណា ដែលគិតគូរខ្ពស់ពីនិរន្តរភាពទីក្រុង ដើម្បីចូលរួមកិច្ចគាំពារបរិស្ថាន។ ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយ និងយុទ្ឋសាស្រ្តសំខាន់ៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅធានាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅកម្ពុជា។ សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោក Phillip Wong បានប្រគល់ជូនឯកឧត្តមរដ្ឋមន្រ្តី នូវអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន២០០គ្រឿង ដើម្បីចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ៕