អាជ្ញាធរជាតិអប្សរាគ្រោងចាប់ដៃគូជាមួយរដ្ឋបាលតំបន់Xichengនៃទីក្រុងប៉េកាំង ប្រទេសចិនដើម្បីសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌ


នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យលោក Du Lingxin ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលតំបន់ Xicheng ទីក្រុងប៉េកាំង បានជួបសំណេះសំណាលការងារ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបេតិកភណ្ឌនៃស្ថាប័នទាំងពីរ គឺ រមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា និងតំបន់រដ្ឋបាលXicheng នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលជាតំបន់បុរាណសំបូរទៅដោយសំណល់ប្រវត្តិសាស្ត្រ និងជាកន្លែងប្រមូលផ្តុំដោយតឹកតាងបុរាណវិទ្យាគ្រប់ប្រភេទនៃប្រទេសចិន។
ឆ្លងតាមកិច្ចពិភាក្សានេះ កិច្ចព្រមព្រៀងផ្លូវការមួយអាចនឹងរៀបចំឡើងនាពេលខាងមុខឆាប់ៗនេះ ដែលនឹងគ្រប់ដណ្តប់លើ ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបទពិសោធន៍លើការងារអភិរក្សបេតិកភណ្ឌ សកម្មភាពជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការងារយូរអង្វែង៕