លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅខេត្តឧត្តរមានជ័យ


ព្រឹកថ្ងៃពុធទី ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញអុចធូបបួងសួងរូចមក លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលធ្វើការ និងរស់នៅតំបន់ផ្ទះតាម៉ុក ដែលពិធីនេះបានរៀបចំឡើងនៅក្នុងផ្ទះតាម៉ុក ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនដែលបានចួលរួមនាថ្ងៃនេះ។ លោកជំទាវក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចតេជោ ត្រូវចូលរួមថែរក្សាបូរណៈភាពទឹកដី ការបញ្ជាទៅកាន់កងទ័ពរបស់សម្តេចនាពេលបច្ចុប្បន្ន គឺក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងមិនមែនក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជានោះឡើយ, កងទ័ពគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ ហើយលោកជំទាវក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុង ការតម្លើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និងកម្មការរិនីទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកជំទាវបានបន្តទៀតថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវចូលរួមថែក្សានូវតម្លៃនៃ សន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ រួមគ្នាអភិវឌ្ឍន៍ប្រទេស និងមិនត្រូវជឿតាមការញោះញ៉ុងរបស់គណៈបក្សប្រឆាំងដែលតែងតែមានបំណងបំផ្លៃការពិត និងរារាំងដល់ ការអភិវឌ្ឍរបស់ប្រទេសជាតិ៕