សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៦នៅសាលសន្និសិទចតុមុខ


នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៦នៅសាលសន្និសិទចតុមុខ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវការកោតសរសើរដោយស្មោះនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះមហាថេរ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិងពុទ្ធសាសនិកទាំងអស់ ព្រមទាំរាជរដ្ឋាភិបាលដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាអោយមានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើង។ទន្ទឹមនឹងនេះសម្តេចមានក្តីរីករាយណាស់ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជនរួមសាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ។នៅតាមទីវត្តអារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យនិងបានជួយអប់រំកូនចៅអោយប្រតិបត្តិតែអំពើល្អដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានគូសបញ្ជាក់ទៀតថាស្របទៅនឹងការរីកចម្រើនទាំងនេះក៏យើងនៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាពដែលមហាសន្និបាតនឹងលើកឡើងគឺជាប្រការមួយសមស្របនិងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។

ជាមួយគ្នានេះសម្តេចបានកោតសរសើរអង្គមហាសន្និបាតដែលចាប់អារម្មរណ៍លើការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងអភិបាលកិច្ចការគោរពប្រតិបត្តិធម៌វិន័យចូលរួមការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជាពិសេសការអប់រំសីលធម៌សង្គមអោយល្អផូរផង់។ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្រ្តីសង្ឃត្រូវផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើបដើម្បីអោយកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជនជាប្រការសំខាន់បំផុត។

សម្តេចបានសំណូមពរដល់សាសនិកទាំងអស់មេត្តាចូលរួមបំពេញ កុសលទាំងឡាយដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សាការពារសេចក្តីសុខសន្តិភាព ស្ថិរភាពសាមគ្គីភាពក្តីសង្ឃឹម លើកស្ទួយការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសំបូរសប្បាយតរៀងទៅ។ទន្ទឹមនឹងនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានបញ្ជាក់ថាសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។