មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបងបានរៀបចំពិព័ណ៌ផ្សាណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព


ថ្ងៃ ព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី ១៤ ខែធ្នូ គ.ស ២០១៧ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័ណ៌ផ្សាណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោងផលិតកម្មស្បៀង នៅបរិវេណសួននាគសន្តិភាព ក្រុងបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ សាកលវិទ្យាធិការ សាកលវិទ្យាល័យបាត់ដំបង លោកអភិបាលក្រុង អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហគមន៍កសិកម្មដាំបន្លែក្នុងខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបចូលរួមប្រមាណ៤៥០នាក់ និងមានស្តង់ដាក់បង្ហាញចំនួន៣៦ស្តង់ ។ សព្វថ្ងៃប្រទេសកម្ពុជាយើង បាននាំចូលបន្លែ ដែលគ្មានសុវត្តិភាពពីប្រទេសជិតខាងជាពិសេសវៀតណាម និងថៃ ។ បញ្ហានេះឆ្លុះបញ្ចាំងឲ្យឃើញថា កសិករយើង ខ្វះនូវទុន សម្ភារៈ និងបច្ចេកទេសក្នុងការផលិត និងព័ត៌មានទីផ្សារ ។

ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំពិព័ណ៌នេះឡើងគឺ ជួយសម្របសម្រួលទីផ្សារជូនកសិករ ជាអ្នកផលិត និងជួយសម្របសម្រួលដល់បងប្អូនជាអ្នកបរិភោគ មានទីកន្លែងសម្រាប់លក់ និងទិញបន្លែ ដែលធានាថាគ្មានសារធាតុគីមីពុល ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ដល់បងប្អូនកសិករដែលដាំបន្លែ ទាំងអស់ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដាំបន្លែតាមបទដ្ឋានបច្ចេកទេស និងរក្សានូវសច្ចៈភាព មិនលួចប្រើប្រាស់នូវសារធាតុគីមីពុល ខុសលក្ខណៈបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់ដល់សុខាភាពអ្នកបរិភោគ និងឲ្យបងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយគាំទ្រនូវផលិតផលកសិករយើង ជាពិសសេសបន្លែសុវត្តិភាពគ្មានជាតិគីមីពុល ។