នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ ស ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្ត្រីដែលទើបសម្រាលកូន មកពី៩ភូមិ ក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពី សភាពការណ៍បច្ចុប្បន្នរបស់ប្រទេសជាតិ និងស្នើអោយប្រជាពលរដ្ឋ កុំជឿលើការឃោសនារបស់គណបក្សនយោបាយ និងព័ត៌មានមិនពិត ដែលបង្កអោយមានអស្ថិរភាពនៅក្នុងសេដ្ឋកិច្ច សង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងតែគិតគូរពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានចែកជូនអំណោយដល់ស្រ្តីដែលទើបសម្រាលកូនចំនួន៣៣នាក់ ក្នុងម្នាក់ៗទទួលបាន ត្រីខ០១ឡូ សារុង០១ ទឹកស៊ីអីវ០១យួរ ទឹកត្រី០១យួរ ប៊ីចេងកន្លះគីឡូក្រាម និងអំបិល០១គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀល ដែរមកពីភូមិក្បាលសេះ ភូមិក្រាំងធ្មៃ ភូមិចារ ភូមឈើនាង ភូមិស្វាយកើត ភូមិស្វាយលិច ភូមិលៀក ភូមិគោកព្រីង និងភូមិគោកត្រប់ នៅឃុំគោកត្រប់ ស្រុកកណ្តាល ខេត្តកណ្តាល ។