ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញបិទសិក្ខាសាលាស្តីពីការផ្តល់សេវាសាធារណៈល្អប្រសើរ និងការគ្រប់គ្រងការផ្លាស់ប្តូរ


សិក្ខាកាមជាមន្ត្រីរាជការជាន់ខ្ពស់ ចំនួន៩៩នាក់ ទទួលបានវិញ្ញាបនប័ត្រ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សារយៈពេល២សប្តាហ៍ នៅសាលាភូមិន្ទរដ្ឋបាល ស្តីពីការផ្តល់សេវាសាធារណៈល្អប្រសើរ និងការគ្រប់គ្រងការផ្លាស់ប្តូរ ។ ឯឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានកោតសរសើរ និងអបអរសាទរដល់ឯឧ លោកជំទាវ ដែលជាសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលដ៏មមាញឹកមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់សេវាសាធារណៈល្អប្រសើរ និងការគ្រប់គ្រងការផ្លាស់ប្តូរ ក្នុងរយៈពេល២សប្តាហ៍ រហូតដល់ចប់ជាស្ថាពរនាថ្ងៃនេះ។ ឯឧកិត្តិបណ្ឌិត បានមានប្រសាសន៍បន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ យើងបានបង្កើតឡើងវេទិកាមួយសម្រាប់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងអគ្គនាយក ឫអគ្គលេខាធិការរបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាជាក់ស្តែងមួយចំនួន ដែលកើតមានឡើង នៅពេលអនុវត្តកម្មវិធីនយោបាយ គោលនយោបាយ ឫកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។លើសពីនេះទៀត ក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានផ្តួចផ្តើមគំនិតជម្រុញឲ្យមានការអនុវត្តគម្រោងរួមគ្នារវាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើបញ្ហាអន្តរវិស័យមួយចំនួន ដែលជាប្រយោជន៍ និងអាចឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាជន។ នៅក្នុងឱកាសនេះ ឯឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានអញ្ជើញប្រគល់វិញ្ញាបនប័ត្រដល់មន្ត្រីរាជការជាន់ខ្ពស់ ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិកា អគ្គលេខាធិការរង អគ្គាធិការ និងអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត សរុបចំនួន៩៩រូប ក្នុងនោះស្រី១៧រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ផងដែរ៕