បណ្តុះបណ្តាលមន្រ្តីវ័យក្មេងលើជំនាញបរិស្ថានឆ្លើយតបនឹងទំនើបកម្មក្រសួងបរិស្ថាន


នៅថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលស្តីពី«ជំនាញបរិស្ថាន» ដល់មន្រ្តីវ័យក្មេងដែលកំពុងបំពេញការងារបរិស្ថាន។ ឯកឧត្តម សឹម យ៉ារ៉ែន បានឱ្យដឹងថាការបណ្តុះបណ្តាលនេះ ឆ្លើយតបនឹងគោលនយោបាយយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលអណត្តិទី៥ និងយុទ្ឋសាស្រ្តនៃការធ្វើទំនើបកម្មស្ថាប័ន្នរបស់ក្រសួង ពិសេសគឺការកសាងសមត្ថភាព និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការលើជំនាញបរិស្ថាន ដែលជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស សម្រាប់ជាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកា ក្នុងនាមតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថាវគ្គបណ្តុះបណ្តាលមន្រ្តីវ័យក្មេងស្តីពីបរិស្ថានមានសារៈសំខាន់បានស្វែងយល់កាន់តែច្បាស់ពីកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល វិស័យស្នូលនៃយុទ្ឋសាស្រ្តដឹកនាំក្នុងវិស័យបរិស្ថានក្នុងអាណត្តិទី៥រាជរដ្ឋាភិបាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជរការ ដែលជាការយកចិត្តទុកដាក់បំផុតរបស់ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ក្នុងការធ្វើទំនើបកម្មក្រសួងបរិស្ថាន។ ឯកឧត្តម ផៃ ប៊ុនឈឿន បានសង្កត់ធ្ងន់ថា «ចេះពីរៀន បើចង់ចេះត្រូវខំរៀន បើមិនរៀនគឺមិនចេះ» ដើម្បីជំរុញឱ្យសិក្ខាកាមទាំងអស់ប្រឹងប្រែងរៀនសូត្របន្ត ដែលជាក្លាយជាធនធានមនុស្សមានគុណភាពខ្ពស់ក្នុងការបំពេញការងារ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីជំនាញបរិស្ថាន មានមន្រ្តីវ័យក្មេងចំនួន១២០នាក់មកពីទីស្តីការក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមកពីខេត្តនានា មានរយៈពេល១៥ថ្ងៃ ចាប់បីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។ វគ្គបណ្តុះបណ្តាលនេះ មានគ្រូឧទ្ទេសនាម ជាថ្នាក់ដឹកនាំ មន្រ្តីរាជការជំនាញនៃក្រសួងបរិស្ថាន ដែលមានមេរៀនសំខាន់ៗ ដូចជា ការកំណត់ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នីតិវិធីនៃការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ គោលការណ៍គ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន កម្មវិធីបញ្រ្ជាបការអប់រំបរិស្ថានក្នុងកម្មវិធីសិក្សា យុទ្ឋសាស្រ្តនៃការរាយការណ៍ព័ត៌មានបរិស្ថាន ការលើកកម្ពស់សហគមន៍តំបន់ការពារធម្មជាតិ ការគ្រប់គ្រងធនធានមនុស្សធនធានមនុស្ស និងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ជាដើម៕