ឯកឧត្តម ចាន់ ចេស្តា ចុះជួយច្រូតស្រូវប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច


កាលពីព្រឹកថ្ងៃអាទិត្យ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ គ.ស២០១៧ ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចុះជួយច្រូតស្រូវប្រជាពលរដ្ឋក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតដែលខ្វះកម្លាំងប្រមូលផល។
ក្រោយប្រើរយៈពេលពេញមួយព្រឹក មុនពេលចេញដំណើរដើម្បីបន្តកិច្ចការងារផ្សេងទៀត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានផ្តាំផ្ញើចំពោះមន្ត្រីដឹកនាំមូលដ្ឋានថាក្នុងនាមជាអ្នកដឹកនាំដែលនៅកៀកនឹងប្រជាពលរដ្ឋ មេឃុំ មេភូមិត្រូវក្តាប់សភាពការណ៍ឱ្យបានច្បាស់លាស់រាល់តម្រូវការនានា។ ឯកឧត្តមចាន់ ចេស្តាបានមានប្រសាសន៍បញ្ជាក់ទៀតថា រដូវកាលនេះជាវេលានៃការប្រមូលផល ស្របពេលបច្ចុប្បន្នអាកាសធាតុ មាន ការប្រែប្រួលដែលធ្វើឱ្យទិន្នផលអាចរងការខាតបង់ព្រោះតែស្រូវទុំជ្រុះដោយសារការច្រូតកាត់មិនទាន់។ នៅពេលដឹងថាគ្រួសារណាមួយជួបប្រទះនូវការខ្វះខាតកម្លាំងប្រមូលផល មន្ត្រីដឹកនាំមូលដ្ឋានចាំបាច់ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំស្រុកដើម្បីអន្តរាគមន៍ទាន់ពេលវេលា៕