រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រដៃគូសហការលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថាក្រសួងបរិស្ថាន ពង្រឹងការអភិវឌ្ឍផ្នែកទេចរណ៍ធម្មជាតិចូលរួម ក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិទាំងអស់ឲ្យបានល្អប្រសើរ។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ លោកស្រី Elisabet EKLIND នាយិកាប្រចាំប្រទេសអង្គការ FORUM SYD នៃប្រទេសស៊ុយអែត កាលពីរសៀលថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២០១៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៧ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រចំពោះដៃគូសហការ ដើម្បីចូលរួមលើកកម្ពស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ តាមរយៈសក្តានុពលធម្មជាតិ ដែលជាផ្នែកទេសចរណ៍ធម្មជាតិយ៉ាងសំខាន់ កំពុងទាក់ទាញអ្នកទេសចរនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីបានលើកឡើងផងដែរ ចំពោះអ្នកទេសចរ ចង់ភ្លក់ម្ហូបអាហារ ដែលមានលក្ខណៈពិសេសនៅតាមតំបន់ការពារធម្មជាតិ ដែលចំអិនដោយសហគមន៍។ ម្យ៉ាងទៀតបន្លែដែលដុះតាមនៅតាមសហគមន៍ ដូចជាខ្ទឹម ជី ខ្ញីជាដើម មានលក្ខណៈធម្មជាតិ និងធ្វើឱ្យមានសុខភាពល្អផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បង្កើតសួនបន្លែនៅតាមផ្ទះ ដែលជាផ្នែកមួយជួយដល់បរិស្ថាន និងអាចជួយលើកកម្ពស់ជីវភាពបន្ថែមទៀតផងដែរ។ លោកស្រី Elisabet EKLIND នាយកប្រចាំប្រទេសអង្គការ FORUM SYD នៃប្រទេសស៊ុយអែត បានគាំទ្រដល់ផែនការសកម្មភាពរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញទេសចរណ៍ធម្មជាតិនានា បង្កើតមុខរបរ បង្កើនចំណូល និងបង្កើនការអប់រំបណ្តុះបណ្តាលធនធាន មនុស្ស ដើម្បីឲ្យប្រជាពលរដ្ឋចេះគ្រប់គ្រងផល ដែលមកបានពីវិស័យទេសចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀតនិងធ្វើឲ្យការងារអភិរក្សតំបន់ការពារធម្មជាតិ ទាំងនោះឲ្យកាន់តែពេញលេញថែមទៀត។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នៅក្នុងអាណត្តិទី៥នេះ បានសម្រេចការអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងនោះមានការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។