ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៩និងទិវាជនពិការអន្តរជាតិលើកទី៣៥


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ យើងទាំងអស់គ្នាត្រូវជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានា អោយមានប្រសិទ្ធិភាព ឆ្លើយតបនិងតម្រូវការចំពោះមុខ ក៏ដូចជារយះពេលយូរអង្វែងរបស់ជនពិការ។ មន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតិសម្បទា ត្រូវបន្តពង្រឹងពង្រីកសេវាកម្មស្តារលទ្ធភាពពលកម្មអោយមាននិរន្តរភាព តាមរយះកិច្ចសហប្រតិបត្តិការជាមួយអង្គការជាតិ និងអង្គការអន្តរជាតិជាដៃគូរ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ក្នុងការប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តជាតិលើកទី៣៥ (ថ្ងៃទី០៣ ធ្នូ ) នៅក្នុងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បាទា ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ សម្តេច ហ៊ុន សែន គឺជាវីរជនដ៏ឆ្នើមដែលបានយកជីវិតធ្វើជាដើមទុនតស៊ូដើម្បីជាតិ រហូតក្លាយជាជនពិការមួយរូប ដែលពោរពេញដោយស្មារតីអង់អាចក្លាហាន ឈ្លាសវៃប្រ កបដោយគតិបណ្ឌិត ដែលជានិមិត្តរូបនៃស្មារតីតស៊ូ អំណត់ អង់អាចក្លាហាន និងមានសមត្ថភាពខ្ពស់របស់ជនពិការ។ ដោយឡែកសំរាប់ខេត្តកំពង់ឆ្នាំង ត្រូវគិតគូរដល់ការរៀបចំមធ្យោបាយ ការបង្កដល់លក្ខណះងាយស្រួ លសំរាប់ជនពិការ ចេញចូល តាមទីកន្លែងសាធារណៈរបស់រដ្ឋ និងឯកជន ដូចជាមធ្យោបាយដឹកជញ្ជូនកន្លែងធ្វើការ ផ្លូវថ្នល់ កន្លែងលំហែរកាយ មជ្ឈមណ្ឌលវប្បធម៌ គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ ពិសេសគឺបន្ទប់ទឹក និងបង្គន់អនាម័យសំរាប់ជនពិការ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរជនពិការក្នុងខេត្តទាំងអស់ កុំហូបសុរាកុំសេពគ្រឿងញៀន ត្រូវគិតគូរពីសុខភាព និងត្រូវហាត់ពត់លត់ដំខ្លួនអោយក្លាយជាមនុស្សមានកិត្តិយសនៅក្នុងសង្គមជាតិ ដោយខិតខំរៀនសូត្រយកវិជ្ជាជីវណាមួយដែលអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន ដោយមិនដើរសុំទានគេ ដើម្បីរស់នោះឡើយ។ ចំណែកអង្គភាពរដ្ឋទាំងអស់ ក៏ដូចជាឯកជនសូមកុំរើសអើងជនពិការ ត្រូវចូលរួមយកជនពិការដែលមានសមត្ថភាពមកធ្វើការងារ និងផ្តល់អត្ថប្រយោជន៍អោយដូចមនុស្សធម្មតា។

នៅក្នុងពិធីនេះដែរ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង បានរាយការអោយដឹងថា៖ នៅក្នុងឆ្នាំ២០១៧នេះ សមាគមន៍អតីតៈយុទ្ធជនកម្ពុជា សហការជាមួយសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានសាងសង់ផ្ទះជូនអតីតៈយុទ្ធពិការ នៅតាមសហគមន៍បានចំនួន៩ខ្នង ។ មន្ទីរសង្គមកិច្ចខេត្ត បានសហការជាមួយអង្គការដៃគូរ គាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាបានមួយកន្លែង និងបានផ្តល់សេវាជូនជនពិការបានប្រមាណ ៤.៧២០នាក់ក្នុង១ឆ្នាំៗ ដោយឥតគិតថ្លៃនោះឡើយ។ ដោយឡែកតាមកិច្ចសហការខាងលើនេះ អង្គការបានជួយផ្តល់ទុនដើម្បីអោយបងប្អូនជនពិការ មានលទ្ធភាពបង្កើតមុខរបរ រកប្រាក់ចំណូលលើកស្ទួយជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងបានចងក្រងក្រុមជួយខ្លួនឯងនៃជនពិការ បានចំនួន៧ស្រុក មាន២៧ឃុំ ស្មើនិង ១៥៧ក្រុម ដែលមានចំនួន៣២១៧
គ្រួសារ។ ក្នុងនោះដែរមន្ទីរក៏បានដាក់ហិបមូលនិធិជនពិការនៅតាមសណ្ឋាគារចំនួន៥ និងតាមវត្តចំនួន១៩ ដោយប្រមូលបានថវិកាសរុបបានចំនួន ៦.០៧៣.៩០០រៀល នៅក្នុងឆ្នាំ២០១៧នេះ និងនៅក្នុងមេទ្ទិញទិវាជនពិការនេះ អង្គការករុណាខេត្តបាត់ដំបងក៏បានជួយគាំទ្រឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

នៅចុងកម្មវិធីនេះ ជនពិការចំនួន៨០នាក់ មកពីគ្រប់ស្រុកក្នុងខេត្តកំពង់ឆ្នាំង ក៏បានទទួលអំណោយនូវឃីតម្នាក់មួយកញ្ចប់ មានកន្សែងពោះគោ១ សារ៉ុងពុម្ព១ ម្សៅសាប៊ូ១កញ្ចប់ និងថវិកាក្នុងម្នាក់ៗមួយម៉ឺនរៀលផងដែលពីឯកឧត្តមអភិបាលខេត្ត។ ដោយឡែកគណៈអធិបតីនិងភ្ញៀវចូលរួម១២០នាក់ក៏បានទទួលនូវអាវយឺតម្នាក់១ៗផងដែរសំរាប់ពាក់ក្នុងកម្មវិធីនេះ៕