សាលារៀនចំណេះទូទៅ នៅខេត្តស្ទឹងត្រែង ចំណាយទុន ៨០ម៉ឺនដុល្លារ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ


នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សាលារៀនចំណេះទូទៅគ្រូយើង ខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាកឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងមាតា បិតា អាណាព្យាបាលសិស្ស យ៉ាងច្រើនកុះករផងដែរ។

នៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ផ្តាំផ្ញើដល់កុមារ កុមារី និងសិស្សានុសិស្សទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីឲ្យក្លាយកូនល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងម្ចាស់សាលារៀនចំណេះដឹងទូទៅគ្រូយើង ដែលបានវិនិយោគលើវិស័យអប់រំចំណេះដឹងទូទៅនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ខឿនអប់រំ និងសមត្ថភាពរបស់កុមារា កុមារី ព្រមទាំងយុវជន យុវតីក្នុងព្រះរាជាណាចក្រកម្ពុជា និងយាយជារួម និងដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង។

លោក យិន សុភាព នាយកសាលារៀនចំណេះដឹងទូទៅគ្រូយើង បានឲ្យដឹងថា សាលារៀនចំណេះដឹងទូទៅគ្រូយើង ខេត្តស្ទឹងត្រែង បានសាងសង់ចាប់ពីខែមីនា ឆ្នាំ២០១៦ នឹងបានបញ្ចប់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០១៧ នៅលើផ្ទៃដីចំនួន ៤,៥០០ម៉ែត្រក្រឡា ដោយចំណាយថវិកាចំនួន ៨០ម៉ឺនដុល្លារ ក្នុងនោះមានអគាសិក្សាចំនួន១ខ្នង ៤ជាន់ ស្មើនឹង២៦បន្ទប់ និងមានបណ្ណាល័យ សាលប្រជុំ អគារអាហារដ្ឋាន សាលកីឡា សួនកុមារ សួនដំណាំ ព្រមទាំងឆាកប្រជុំតន្រ្តីផងដែរ។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន សាលារៀនចំណេះដឹងទូទៅគ្រូយើង ខេត្តស្ទឹងត្រែង មានបុគ្គលិកសរុបចំនួន ៥៣នាក់ (ស្រ្តី ៣១នាក់) និងមានសិស្សសរុបចំនួន ៦៣៥នាក់ (សិស្សស្រី ៣១៥នាក់) សិក្សារនៅកម្រិត មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងថ្នាក់ភាសាអង់គ្លេស៕