ខេត្តស្ទឹងត្រែង៖ អបអរសាទរ ទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥


នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង មានរៀបចំពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ក្រោមប្រធានបទ “ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា” ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនជនពិការជាចំនួន ១៧៤នាក់ផងដែរ។

នៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជនពិការទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៩ នេះឡើង ដើម្បីរំលឹកគុណូបការដល់វិរជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនជនពិការចំនួន១៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី ១កេស, ត្រីខ ១យួរ, ស្ករស ១គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, ភួយចំនួន១ និងថវិការ ២០.០០០រៀល៕