ឯកឧត្តម ម៉ុម សារឿន បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី០៣


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី០៣ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ដោយមានមន្រ្តីចូលរួមមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីរដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងមេឃុំ ចៅសង្កាត់ សរុបចំនួន ១៦៥នាក់។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព ជាពិសេសការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ការផ្សាភ្ជាប់រដ្ឋបាលថ្នាក់កណ្តាលជាមួយរដ្ឋបាលថ្នាក់មូលដ្ឋាន គឺជាការងារដ៏មានសារៈសំខាន់ ។ ក្នុងន័យនេះ ខេត្តស្ទឹងត្រែងកំពុងបំពេញតួនាទីដ៏មានសារៈសំខាន់ នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអភិក្រមវិសហមជ្ឈការ និងអភិក្រមវិមជ្ឈការ។ ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី០៣ នាពេលនេះ គឺជាកាលានុវត្តភាពដ៏កម្រមួយសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្នាក់មូលដ្ឋាន ព្រោះនេះគឺជាផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹង តាមរយៈកិច្ចពិភាក្សាពីគ្រោះយោបល់ដើម្បីកំណត់កិច្ចប្រឈម និងពិនិត្យពិចារណាអំពីលទ្ធភាពនៃការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅក្នុងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះផងដែរ ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឲ្យអនុវត្តន៍ជាបន្តបន្ទាប់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលដំណាក់កាលទី១ ត្រូវបានដាក់ឲ្យអនុវត្តន៍នៅថ្ងៃទី៥ ខែធ្នូ ឆ្នា២០០៤ និងដំណាក់កាលទី២ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងអនុវត្តន៍ដំណាក់កាលទី៣ គឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដែលជាការងារកែទម្រង់បោះជំហានទៅមុខដ៏សំខាន់ថ្មីមួយទៀត គឺការពង្រឹងនិងពង្រីកប្រព័ន្ធ “ថវិកាកម្មវិធី” ពេញលេញជាជំហានៗ ទៅក្នុងក្រសួង-ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ ក្នុងគោលដៅបោះជំហានទៅកាន់ការកែប្រែប្រព័ន្ធថវិកាទាំងស្រុងពី “ប្រព័ន្ធថវិកាផ្តោតលើធាតុចូល និងមជ្ឈការ” ទៅជា “ប្រព័ន្ធថវិកាផ្តោលើលទ្ធផល ឬធាតុចេញ និងវិមជ្ឈការ”៕