ឯកឧត្តម ឈួរ ច័ន្ទឌឿន បើកយុទ្ធនាការពាក់មួកសុវត្ថិភាពការពារជីវិតខ្លួនឯងនិងគោរពច្បាប់ចរាចរណ៍នៅក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ទោច ក្រយានយន្ត និង រថយន្ត អោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត។

ឯកឧត្តមបានអំពាវនាវបែបនេះនាព្រឹកថៃ្ងអាទិត្យ១៤កើតខែបុស្ស​ ឆ្នាំរកា ត្រូវនិងថៃ្ងទី៣១ ខែធ្នូឆ្នាំ២០១៧ នៅក្នុងពេលបើកយុទ្ធនាការស្តីពីការពាក់មួកសុវត្ថិភាពនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីលោក ចេង ញ៉ាន់ អភិបាលរងខេត្ត, លោក កែវ ពៅទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ស ខេង និង ជាប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោក លោកស្រីប្រធានអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងសង្កាត់ចូលរួមផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាយុទ្ធ នាការដែលធ្វើឡើងនាពេលនេះគឺ ដើម្បីបំផុសអោយមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងដើម្បីអោយប្រជាពលរដ្ឋយល់ដឹងអំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ដែលមួកសុវត្ថិភាពជួយការពារជីវិតយើងក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ និងសារៈសំខាន់មួយទៀតបានចូលរួមគោរពច្បាប់ចរាចរណ៍។ ដោយ ឡែកអ្នកបើកបរថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀន ការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែង ក្នុងស្ថានភាពគ្រោះថ្នាក់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា អត្រាគ្រោះថ្នាក់ចរាចរណ៍លើផ្លូវបន្តកើតឡើងគួអោយកត់​សម្គាល់ ហើយក្នុងនោះមាន៧៧ភាគរយគឺជា​ទោចក្រ​យានយន្ត ហើយក្នុងចំណោមនេះគឺមាន៦៧ភាគរយ ជាអ្នកដែលបើកបរដោយមិនពាក់មួកសុវត្ថិភាព ។

លោក កែវ ពៅ ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិនាពេលនេះ បានបំពាក់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលមិនបានពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរបានជាច្រើននាក់ផងដែរ៕