លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសំពះគ្រូ និងសម្ពោធពិព័រណ៌ គ្រឿងអលង្ការ និងគ្រឿងលំអខ្មែរសម័យបុរាណ


ព្រឹកថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំពះគ្រូ និងសម្ពោធពិព័រណ៍ពិសេស ស្តីពីគ្រឿងអលង្ការ និងគ្រឿងលំអខ្មែរសម័យបុរាណ ៖ សមុច្ច័យវត្ថុពិចិត្រអំពីមាស និងប្រាក់នៃសារមន្ទីរជាតិកម្ពុជា ដែលមានរយៈពេល១ខែ គឺចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ពិធីនេះបានរៀបចំឡើងនៅសារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ ។

លោកជំទាវក៏បានមានប្រសាសន៍ថា ពិធីនេះបានរៀបចំឡើងចំពេលដែលពិភពលោកយើងទើបតែឈាន ចូលឆ្នាំថ្មីសកល ២០១៨ ។ ការដាក់តាំងបង្ហាញនេះក៏ជាព្រឹត្តិការណ៍មួយថ្មីទៀតដែលបានបង្ហាញអំពី វប្បធម៌ និងអរិយធម៌ ក៏ដូចជាសិល្បៈរបស់កម្ពុជាជូនដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរណ៍បានចូលទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន។ លោកជំទាវក៏បានលើកឡើង អំពីតួនាទីដ៏សំខានរបស់សារមន្ទីរជាតិ គឺជាកន្លែងសម្រាប់សិក្សា ស្រាវជ្រាវដល់សិស្ស និស្សិត មហាជន ភ្ញៀវជាតិ និងអន្តរជាតិ និងទទួលបានចំណេះដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ខ្មែរ ដើម្បីលើកតម្លៃបេតិកភណ្ឌជាតិ និងផ្តល់ពត៌មាន និងចំណេះដឹងថ្មីៗជាបន្ថែម តាមរយៈ ការតាំងបង្ហាញ និងពិព័រណ៌វត្ថុសិល្បៈ វត្ថុបុរាណខ្មែរដ៏មានតម្លៃជាច្រើនដែលបានដាក់តាំងបង្ហាញក្នុងថ្ងៃនេះ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារ, លោកជំទាវ អាន ឡឺម៉ែត្រ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា, គណៈកម្មការជាតិប្រចាំអង្គការយូណេស្កូ និងអង្គការយូណេស្កូដែលបានសហការ ស្ថានទូតអង់គ្លេស ដែលបានជួយគាំទ្រ និងយោគយល់គ្នាក្នុងចរចារទាមទារវត្ថុបុរាណខ្មែរយើងបានត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់។

លោកជំទាវក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមមេត្តាថែរក្សា និងការពារវត្ថុបុរាណដ៏មានតម្លៃដែលតាំងនៅទីនេះ ក៏ដូចជាវត្ថុបុរាណជាតិទាំងអស់ឱ្យបានគង់វង្ស ព្រោះវត្ថុទាំងនេះសុទ្ធតែមានប្រវត្តិដ៏យូរលង់ និងមានបារមីសក្តិសិទ្ធជួយប្រោះព្រំព្រះរាជាណាចក្រកម្ពុជាយើង ឱ្យបានសុខក្សេមក្សាន្ត ត្រជាក់ត្រជុំ និងមានការអភិវឌន្ឍន៍តរៀងទៅ។