នាថ្ងៃព្រហស្បតិ៍ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា គ.ស ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៅ និងចារាយ ចំនួន ០៣ សហគមន៍ ក្នុងឃុំល្បាំង១ ស្រុកលំផាត់ និងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ។
យោងតាមរបាយការណ៍កម្មវិធីអនុវិស័យដីធ្លីខេត្តរតនគិរីឲ្យដឹងថា នៅក្នុងខេត្តរតនគិរី មានសហគមន៍ជនជាតិដើមភាគតិចប្រមាណជាង ៥០ ដែលបានចុះបញ្ជីរួចជានីតិបុគ្គលរួចរាល់នៅក្រសួងមហាផ្ទៃ សហគមន៍ចំនួន ២៧ កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីដីជាសមូហភាព ។ ដោយឡែកសហគមន៍ជនជាតិដើមភាគតិចចំនួន ០៣ សហគមន៍ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពនាពេលនេះមានផ្ទៃដីសរុប ២,១៨៦ ហិកតា ដែលមានសមាជិក ៣២៤ គ្រួសារ ដោយបែងចែកជាដីលំនៅដ្ឋាន ដីចំការបច្ចុប្បន្ន ដីចំការបំរុងវិលជុំ ដីព្រៃអារក្ស និងដីកប់ខ្មោច ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋជាជនដើមភាគតិចនាឱកាសនោះ ឯកឧត្តម ថង សាវុន ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ជនជាតិភាគតិចទាំងអស់ត្រូវថែរក្សាឲ្យបានគង់វង្សនូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តិ៍ភាព ទៅតាមប្រភេទដីនីមួយៗ ។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពី គោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ទាំងជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយសុខដុមនីយកម្ម ។