សហគមន៍ជនជាតិដើមភាគតិច ចំនួន ០៣ នៅខេត្តរតនគិរី ទទួលបានវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព


នាថ្ងៃព្រហស្បតិ៍​ ០៣រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី០៤​ ខែមករា​ គ.ស​ ២០១៨​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច​ព្រៅ​ និងចារាយ​ ចំនួន​ ០៣​ សហគមន៍​ ក្នុងឃុំល្បាំង១​ ស្រុកលំផាត់​ និងឃុំលំជ័រ​ ស្រុកអូរយ៉ាដាវ​ ។

យោងតាមរបាយការណ៍កម្មវិធីអនុវិស័យដីធ្លីខេត្តរតនគិរីឲ្យដឹងថា​ នៅក្នុងខេត្តរតនគិរី​ មានសហគមន៍ជនជាតិដើមភាគតិចប្រមាណជាង ៥០​ ដែលបានចុះបញ្ជីរួចជានីតិបុគ្គលរួចរាល់នៅក្រសួងមហាផ្ទៃ​ សហគមន៍ចំនួន​ ២៧​ កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីដីជាសមូហភាព​ ។​ ដោយឡែកសហគមន៍ជនជាតិដើមភាគតិចចំនួន​ ០៣​ សហគមន៍​ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពនាពេលនេះមានផ្ទៃដីសរុប​ ​២,១៨៦​ ហិកតា​ ដែលមានសមាជិក​ ៣២៤​ គ្រួសារ​ ដោយបែងចែកជាដីលំនៅដ្ឋាន​ ដីចំការបច្ចុប្បន្ន​ ដីចំការបំរុងវិលជុំ​ ដីព្រៃអារក្ស​ និងដីកប់ខ្មោច​ ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋជាជនដើមភាគតិចនាឱកាសនោះ​ ឯកឧត្តម​ ថង​ សាវុន​ ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ជនជាតិភាគតិចទាំងអស់ត្រូវថែរក្សាឲ្យបានគង់វង្ស​នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ​ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍​ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី​ និងប្រើប្រាស់ឲ្យមាននិរន្តិ៍ភាព​ ទៅតាមប្រភេទដីនីមួយៗ​ ។​ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពី​ គោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិចរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានលើកកម្ពស់ទាំងជីវភាពរស់នៅ​ របស់បងប្អូនជនជាតិដើមភាគតិច​ ប្រកបដោយសុខដុមនីយកម្ម​ ។