លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញ ថ្វាយភ្លេងខ្មែរ ថ្វាយគ្រឿងរណ្តាប់ភស្ត្រា ដល់តួអង្គព្រះបដិមារ និងថ្វាយដល់គ្រឿងលំអរសម័យបុរាណ


ព្រឹកថ្ងៃសៅរ៍ ទីរោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយភ្លេងខ្មែរ ថ្វាយគ្រឿងរណ្តាប់ភស្ត្រា រួមមាន សំពត់ចរបាប់ និងគ្រឿងសក្ការៈទាំងឡាយមាន ផ្កាផ្ញី ម្លូស្លា ផ្លែឈើ ទឹកដូង ដល់តួអង្គព្រះបដិមារ និងថ្វាយដល់គ្រឿងលំអរសម័យបុរាណ៖ សមុច្ច័យវត្ថុវិចិត្រអំពីមាស និងអំពីប្រាក់ដែលបានធ្វើមាតុភូមិនិវត្តន៍មកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ដែលបានរៀបចំឡើងនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវិចិត្រ និងសិល្បៈ ឯកឧត្តម លោជំទាវជាភរិយាថ្នាក់ដឹកនាំ លោក លោកស្រី ជាមន្ត្រីរាជការ យ៉ាងច្រើនកុះករនាឱកាសនោះផងដែរ ដែលធ្វើឲ្យពិធីនេះដំណើរការទៅបានយ៉ាងរលូន។

ឆ្លៀតក្នុងឱកាសនោះ នាងខ្ញុំក៏បានបួងសួងសុំការប្រទានពរជ័យ ថ្វាយដល់ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល និងប្រគេនពរដល់ព្រះសង្ឃគ្រប់អង្គទាំងពីររាជាគណៈ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅទូទាំប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបគ្រប់កិច្ចការ សូមឲ្យបានជោគជ័យដូចក្តីប្រាថ្នា និងសូមឲ្យប្រទេសមានមានសន្តិភាព មានការរីកចម្រើន និងជួបតែភាពសម្បូរណ៍សប្បាយគ្រប់ពេលវេលាជានិច្ចនិរន្ត៍ និងប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។