នារសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោក ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបញ្ជាំងខ្សែ ភាពយន្តឯកសារដ៏ពិសេស និងជាប្រវត្តិសាស្ត្រមួយរៀបរាប់យ៉ាងលម្អិតស្តីពី «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបទៀត នៅសាលមហោស្រពអង្គរ (Angkor Dynasty) ខេត្តសៀមរាប ។
កម្មវិធីបញ្ជាំងខ្សែភាគយន្តឯកសារនេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារយុវជនគណបក្សខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងភ្ញៀវជាតិ-អន្តរជាតិប្រមាណ ១,២០០នាក់ ។
លោក ទៀ សីហា បានលើកឡើងផងដែរថា៖ ភាគយន្តឯកសារមួយនេះ នឹងបរិយាយពីផ្នែកដ៏តូចមួយនៃដំណើរជីវិតរបស់ពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន កាលពី៤០ឆ្នាំមុន ជាពិសេសត្រូវបានបង្កើតឡើងដើម្បីឲ្យយុវជនជំនាន់ក្រោយចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា៕