កិច្ចប្រជុំពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍ជនបទស្តីពីការទិញលក់ស្រូវ និងកសិផល ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ


កាលពីព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ ស្តីពីការទិញលក់ស្រូវ និងកសិផល ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ដើមី្បអនុវត្តគម្រោង អន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រី នាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលក្រុង ស្រុក និង មន្ទីរមានការពាក់ព័ន្ធផងដែរ ។

ក្នុងកិច្ចដឹកនាំប្រជុំនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវពីស្ថានភាព វឌ្ឍនភាពលើវិស័យ កសិកម្ម នៅក្នុងខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋ៨០% ជាប្រជាកសិករ ព្រមទាំងសូមឲ្យគ្រប់បណ្តាក្រុង ស្រុក ត្រូវធ្វើសេចក្តីរាយការណ៍ អំពីការងារប្រមូលកសិផលកសិកម្ម លើដំណាំស្រូវ ទាំងរដូវប្រាំង និង វស្សា និង តម្រូវការ របស់ប្រជាកសិករនៅក្នុងមូលដ្ឋានខ្លួន ។

មានប្រសាសន៍នោះឯកឧត្តម កៅ ថាច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានកំពុងអនុវត្តនូវយន្តការបែបទីផ្សារ សម្រាប់ការប្រមូលទិញស្រូវពីប្រជាកសិករ ដើមី្បដោះស្រាយលើបញ្ហាថ្លៃស្រូវធ្លាក់ចុះ ដោយមិនសមហេតុផល ដែលធ្វើឲ្យកសិករខាតបង់ ក្នុងពេលប្រមូលផល ។ យន្តការនេះ ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវបានទទួលភារកិច្ចជាប្រតិបត្តិករអនុវត្ត គម្រោងដែលមានភារកិច្ចស្នូល ក្នុងការផ្តល់ ឥណទានជាទុនបង្វិល ដោយទទួលយកសន្និធិស្រូវ អង្ករ ជាវត្ថុធានាបំណុលពីរោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលស្រូវ មជ្ឈមណ្ឌលប្រមូលទិញស្រូវ ធនាគារស្រូវ ដែលជាអ្នកប្រមូលទិញស្រូវពីប្រជាកសិករ ។ ឯកឧត្តមក៏បានបន្តទៀតថា ការអនុវត្តគម្រោងនេះ គឺទាមទារឲ្យមានការចូលរួមជាចាំបាច់ពីអាជ្ញាធរមូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ រួមទាំងមន្ទីរ ពាក់ព័ន្ធ ក្នុងការសម្របសម្រួលលើការទិញ លក់ស្រូវ និង កសិផល លើការដឹកជញ្ជូនកសិផលរបស់កសិករ ព្រមទាំងការផ្សាភ្ជាប់បណ្តាញកសិករលក់ស្រូវទៅនិងរោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញស្រូវ មជ្ឈមណ្ឌលប្រមូលទិញ ស្រូវ ធនាគារស្រូវ ។ ឯកឧត្តម កៅ ថាច បានលើកឡើងថា កិច្ចពិភាក្សានេះ ក្នុងការស្វែងយល់អំពីវឌ្ឍនៈភាពលើ ភោគផលស្រូវ អង្ករនៅក្នុងខេត្តសៀមរាប ដើមី្បឲ្យការអនុវត្តគម្រោងអន្តរគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ។ ក្នុងនោះឯកឧត្តមក៏បានលើកនូវ យន្តការមួយចំនួន ដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ដែលមាន តួនាទីសំខាន់ ក្នុងការរៀបចំជាបណ្តាញកសិករ ដើមី្បប្រមូលផ្តុំគ្នាលក់ស្រូវនៅតាមទីតាំងសំខាន់ៗ ដោយមានការ សម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទ និង រោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូ ។ ដើមី្បការប្រមូលទិញស្រូវក្នុង តម្លៃទីផ្សារ បូកបន្ថែមបុព្វលាភ ដើមី្បជាការទាក់ទាញ និង បង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ។

ឆ្លងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្រុង ស្រុក អំពីទិន្នផលស្រូវ របស់ប្រជាកសិករប្រចាំឆ្នាំ ទាំងស្រូវ ប្រាំង និង វស្សា ព្រមទាំងលើកឡើងនូវបញ្ហាប្រឈម និង តម្រូវការរបស់ប្រជាកសិករទៀតផង ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឡើងអំពីបញ្ហាតម្លៃស្រូវ អង្ករ មិនមានចំណោទអ្វីដែលធ្វើ ឲ្យប្រជាកសិករមានការព្រួយបារម្ភឡើយ ដោយមានក្រុមហ៊ុនប្រមូលទិញ ដាក់នៅតាមរោងម៉ាស៊ីនកិនស្រូវ ដើមី្ប ធ្វើ ការផ្គត់ផ្គង់ស្បៀងដល់កងទ័ព និង នាំចេញទៅតាមទីផ្សារក្នុងស្រុកទៀតផង ។ ឯកឧត្តមបណ្ឌិតបានលើកឡើងផង ដែរថា អំពីការកសាងប្រព័ន្ធធារាសាស្ត្រ ដែលបានស្ថាបនានៅតាមបណ្តាស្រុកមួយចំនួន ព្រមទាំងបានតភ្ជាប់ទៅតាម ប្រព័ន្ធចែកចាយស្រោចស្រព ក្នុងការបង្កនូវភាពងាយស្រួលលើការផ្គត់ផ្គង់ទឹកបង្កបង្កើនផល ។

ក្នុងនោះដែរឯកឧត្តម បណ្ឌិត ក៏បានធ្វើការណែនាំមួយចំនួន ដល់អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើការត្រួតពិនិត្យ អំពីរចនាសម្ព័ន្ធក្នុងការដឹកជញ្ជូន កសិផលរបស់ប្រជាកសិករ ព្រមទាំងលើកនូវគម្រោងធ្វើប្រព័ន្ធស្រោចស្រព និង ផ្លូវដឹកជញ្ជូនភោគផលកសិកម្ម របស់ ប្រជាកសិករ ដើមី្បបង្កើនការងារដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បន្តទៀតថា ចំពោះទិន្នផលស្រូវដែលប្រជាកសិករទទួលបាននៅមិនទាល់សមស្របទៅនឹងតម្លៃកម្លាំងពលកម្មរបស់ពួកគាត់ឡើយ ។ ទាំងនេះក៏ជាកង្វះនូវកម្រិតយល់ដឹង បច្ចេក ទេសកសិកម្ម និងការជ្រើសរើសគ្រាប់ពូជ ព្រមទាំងការប្រើប្រាស់ជីកសិកម្មផងដែរ។ ម៉្យាងទៀតតាមបណ្តាស្រុក និង តំបន់មួយចំនួន ក៏ត្រូវបានក្រុមការងារថ្នាក់ជាតិ បានធ្វើការរៀបចំតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៀតផង ៕