ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ នៅក្នុងខេត្តកំពង់ធំ


ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ នៅក្នុងខេត្តកំពង់ធំ ។

តាមការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារ ឃើញថា ៖
១. តាមរយៈការអនុវត្តនូវបទបញ្ជាជាបន្តបន្ទាប់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង និងថែរក្សាទឹកនារដូវវស្សាកន្លងទៅ បានធ្វើឱ្យស្ថានភាពទឹកសម្រាប់បម្រើឱ្យការផលិតស្រូវប្រាំងនាពេលនេះ គឺអាចធានាបានទាំងស្រុង ។
២. មកដល់ពេលបច្ចុប្បន្ន ការប្រមូលផលស្រូវវស្សា សម្រេចបានប្រមាណ ៩៩% ខណៈការដាំដុះស្រូវប្រាំងសម្រេចបានលើផ្ទៃដីជិត ៥ ម៉ឺនហិកតា ពោលគឺបានលើសផែនការដែលបានដាក់ចុះហើយ ។

ក្នុងឱកាសចុះពិនិត្យការងារនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរ ឱ្យបន្តយកចិត្តទុកដាក់ចុះតាមដានជាប្រចាំនូវការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈឱ្យបានរួចជាស្រេច ក្នុងការអន្តរាគមន៍សង្គ្រោះស្រូវរបស់ពួកគាត់នៅពេលជួបបញ្ហាខ្វះខាតទឹក ។