ឯកឧត្តមវេង សាខុន អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តដាំដុះដំណាំរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក


នាព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តដាំដុះដំណាំរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក ដែលមានទីតាំងនៅដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទទួលបានសម្បទានដីសេដ្ឋកិច្ចពី រាជរដ្ឋាភិបាលចំនួនជាង៩ ពាន់ហត នៅឆ្នាំ២០១២ ដើម្បីយកមកអភិវឌ្ឍលើការដាំដុះដំណាំកៅស៊ូ ស្វាចន្ទី និងឈើហូបផ្លែមួយចំនួនទៀត។ តាមរបាយការណ៍របស់អគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា មកទល់បច្ចុប្បន្នផ្ទៃដីចំនួន ៩០០ ហត ត្រូវបានឈួសឆាយរួច ក្នុងនោះដាំដុះបាន ៧០០ ហត ស្វាយចន្ឋី ៦០០ ហត កៅស៊ូ ១០០ ហត។ យោងលើស្ថានភាពក្សេត្របរិស្ថាន និងការចុះមកពិនិត្យ វាយតម្លៃ ពីស្ថានភាពដាំដុះលើដីនេះជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុនពិនិត្យ:
ទី១.ត្រូវខិតខំធ្វើការដាំដុះទៅតាមផែនការមេដែលបានឯកភាពជាមួយក្រសួង ទី២.គួរសិក្សាពីលទ្ធភាពប្តូរដំណាំកៅស៊ូ ទៅធ្វើការដាំដុះដំណាំស្វាយចន្ទីវិញ ដោយសារផលិតផលនេះមានទីផ្សារនៅវៀតណាមដែលគេ បានសន្យាថានឹងប្រមូលទិញផលិតផលនេះឲ្យបាន ១ លានតោនកក្នុង ឆ្នាំពីកម្ពុជា ទី៣. ដោយសារតំបន់នេះនៅជាប់តំបន់អភិរក្ស មានព័ត៌មានលេចលឺបន្តបន្ទាប់ពីបទល្មើសព្រៃឈើ ដូច្នេះរាល់ការឈួសឆាយ ដឹកជញ្ជូនឈើចេញត្រូវមានការអនុញ្ញាត និងសហការជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ឲ្យបានត្រឹមត្រូវល្អ ទី៤. ផលព្រៃឈើដែលប្រមូលបានត្រូវប្រញាប់ធ្វើការកែច្នៃឲ្យបានទាន់ពេលវេលា ចៀសវាងទុកចោលខួចខាត និងការបន្លំនាំចូលបន្ថែម ទី៥. រាជរដ្ឋាភិបាលមានសិទ្ធិផ្តល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍ ដូច្នេះក្រុមហ៊ុនត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើនល្បឿនការអភិវឌ្ឍលើដីនេះឲ្យមានប្រសិទ្ធភាព បើពុំនោះសោធន៍ រាជរដ្ឋាភិបាលអាចពិចារណាបញ្ឈប់កិច្ចសន្យា។ នាឱកាសនេះផងដែលឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំ ដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់មនិងនេសាទខេត្តមណ្ឌលគីរី ឲ្យបន្តយកចិត្តទុកដាក់ចុះពិនិត្យ និងតាមដានការអនុវត្តការងារនេះឲ្យទទួលបាន ប្រសិទ្ធខ្ពស់។