កម្ពុជា-វៀតណាម បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ ខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ


(ត្បូងឃ្មុំ)៖ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ​ និងខេត្តតៃនិញ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់​នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ លើសពីនេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

«ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥,០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

«ខ្ញុំសង្ឃឹមថាផ្សារនេះ​ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម» ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែម។

ឯកឧត្តម វ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូតវៀតណាម​ បានគូសបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ផ្សារដាថ្ងៃនេះ គឺដើម្បីអបអរខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម​ ​ហើយព្រឹត្តិការណ៍នេះនឹងរួមចំណែកពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសទាំងពីរថែមទៀត។

«ខ្ញុំសង្ឃឹមថាការសាង់សង់ផ្សារដានេះ​ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយនឹងក្លាយជាគំរូនៃការអភិវឌ្ឍ និងការពង្រីកកិច្ចសហការសេដ្ឋកិច្ច​ និងពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរនៅថ្ងៃអនាគត​ ប្រកបដោយជោគជ័យ» ឯកឧត្តម​ ឯកអគ្គរដ្ឋទូត​ បានគូសបញ្ជាក់។

គួររំលឹកដែរថា គម្រោងសាងសង់ផ្សារនេះ​ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ៤៤,៧៦១,៤១១,០០០វៀតណាម​ដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។

នៅក្នុងកំឡុង ៥ឆ្នាំចុងក្រោយ​នេះ​ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា មានតម្លៃចន្លោះពី ១,៧ពាន់លានដុល្លារ ទៅ ២ពាន់លានដុល្លារអាមេរិក។ ដោយឡែក​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានការកើនឡើងគួរឲ្យកត់សម្គាល់។ គិតត្រឹមរយ:ពេល​១១ខែ នៃឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្ម ៣,៤៣៨លានដុល្លារ ពោលគឺបានកើនឡើង ៣១,៥% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ២,៩២៦លានដុល្លារ ប៉ុណ្ណោះ៕