ឯកឧត្តម សុខ ឥសាន បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ ៥ ចំណុច របស់អតីត គណបក្សសង្គ្រោះជាតិ គឺជាយុទ្ធសាស្ត្រ ទ័លច្រក និងបំផ្លាញខ្លួនឯង


ភ្នំពេញ៖ មន្រ្តីនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន  បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ ៥ ចំណុច របស់អតីត គណបក្សសង្គ្រោះជាតិ គឺជាយុទ្ធសាស្ត្រ ទ័លច្រក និងបំផ្លាញខ្លួនឯង ខណៈដែលការប៉ុនប៉ងរបស់ពួកគេ ក្នុងការប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបរាជ័យជាបន្តបន្ទាប់។

តាមរយៈបណ្តាញ សង្គមតេឡេក្រាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ ឥសាន មន្រ្តីនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ក្រោយពីរត់ទៅឱបដៃឱបជើងមេខ្លោង នៅក្រៅប្រទេស មន្ត្រីអតីតបក្សប្រឆាំង បានស្ទុះស្ទាទៅ អង្គការសហប្រជាជាតិទៀត នៅតែគ្មានបានផលដដែល ។ ឥឡូវបែកគំនិត សុំឲ្យសហរដ្ឋអាមេរិក ជួយជំរុញឲ្យជប៉ុន និងកូរ៉េខាងត្បូងជួយដាក់គំនាប មកលើរាជរដ្ឋាភិបាលកម្ពុជាទៀត ដែលចាត់ទុកជាយុទ្ធសាស្ត្រចុងក្រោយ ទាំងអស់សង្ឃឹម ។ ការខិតខំចុងក្រោយនេះ ឆ្លុះបញ្ចាំងពីភាពបរាជ័យ នៃយុទ្ធនាការចាស់ពីមុន អត់ប្រសិទ្ធភាពគ្មានប្រទេសណា យកចិត្តទុកដាក់ទាល់តែសោះ ។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច បណ្តាប្រទេសនាំចូលទំនិញពីកម្ពុជា នៅតែបញ្ជារទិញពីកម្ពុជា ដដែល ជំនួយនៅតែមានចូលវិនិយោគ នៅតែបន្តចូលមកជាបន្តបន្ទាប់ ធ្វើឲ្យនៅតែមានកំណើន សេដ្ឋកិច្ចខ្ពស់ដដែល ។ អតីតបក្សប្រឆាំង កុំចង់យកក្បួនសម្លុត និងគំរាមកំហែងវិនិយោគិន ព្រោះគ្មានពេលបានចូលស្រុក មិនបានកាន់អំណាចនិង លុបកិច្ចសន្យាវិនិយោគនោះ គ្មានទេ ។ បានកាន់អំណាចយ៉ាងម៉េច បើងាប់ហើយនោះ មិនបានចូលប្រកួតប្រជែងបោះឆ្នោត តើបានអីឈ្នះ ? បើអត់ឈ្នះផង បានអំណាចណា ទៅលុបបំណុលនិងយាយីវិនិយោគិន ? អតីតបក្សប្រឆាំងមិនធម្មតាមែន មិនទាន់បានកាន់អំណាចផង គំរាមគេឯងទៅហើយ បើយ៉ាងៗនេះ តើវាសនាអីកាន់អំណាច គ្រាន់តែរួចខ្លួនពីសំណាញ់ច្បាប់ មិនរួចផងនោះ ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានគូសបញ្ជាក់ថា “ប្រកួតប្រជែងចំពោះមុខ ទៅមិនរួចផងចុះទម្រាំតស៊ូជាសម្ងាត់ តើបានការស្អីទៅ ? ចង់បំផុសប្រជាជន កម្មករនិយោជិតកងប្រដាប់អាវុធ ឲ្យងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល មានសង្ឃឹមអីទៅ បើប្រជាជន កម្មករនិយោជិត និងកងកម្លាំងប្រដាប់អាវុធ សុទ្ធតែគាំទ្រ កក់ក្តៅក្នុងការរួមរស់ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងសុភមង្គល តើចូលដៃជើងជាមួយបក្សប្រឆាំង យកសង្គ្រាមមកធ្វីអី នាំអន្តរាយនោះ ”។

ឯកឧត្តម សុខ ឥសាន បានចំអកថា កុំសង្ឃឹមញុះញង់ កងកម្លាំងប្រដាប់អាវុធ មិនឲ្យស្តាប់បញ្ជាមេកើយឲ្យសោះ ។ កងប្រដាប់អាវុធសុទ្ធ ជាយុទ្ធមិត្តរួមអាវុធជាមួយ សម្តេចតេជោ ហ៊ុន សែន ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា តើមានលទ្ធភាពអីទៅញុះញង់ បំបែកបំបាក់បាននោះ? មិនអាចទាល់តែសោះ កងកម្លាំប្រដាប់អាវុធមានតែរង់ចាំបញ្ជា ឲ្យកំទេចក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ។ បញ្ហាចង់បំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា មានតាំងពីយូរមកហើយ មានតាំងពីគណបក្សប្រឆាំង មិនទាន់កើតមកម៉្លេះ តែទោះមានឧបាយកលយ៉ាងណា ក៏ឥតប្រយោជន៍ដែរ ធ្វើរហូតដល់មន្ត្រីបក្សប្រឆាំងងាប់ អស់ក៏មិនទាន់បែកដែរ កុំសង្ឃឹមសោះឡើយ ។ រង់ចាំដល់សេះដុះស្នែង ក៏គណបក្សប្រជាជនកម្ពុជា មិនបែកបាក់ផង ។

អ្នកនាំពាក្យបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន  បានបញ្ជាក់ទៀតថា នៅពេលធ្វើសកម្មភាពពេញមុខ មិនទាំងឈ្នះផង ឥឡូវធ្វើជាសម្ងាត់ តើមានសង្ឃឹមអីទៅ មានតែសំណាងចូលគុកតែប៉ុណ្ណោះ ប្រាកដជាគេចមិនរួចឡើយ។ របស់ដែលហៅថាចលនាស្អីគេនោះ ប្រៀបបាននឹងកូនទូកតូចមួយ ហើយយកទៅអូសសណ្តោងនាវាមួយ ដែលបានលិចបាត់ ទៅក្នុងបាតសមុទ្រទៅហើយ តើមានលទ្ធភាពអ្វីជួយសង្គ្រោះបាននោះ ? មានតែកប៉ាល់ធំលិចនោះ ទាញឲ្យទូកតូចនោះលិច ទៅជាមួយមិនខានឡើយ ។ ពិចារណាចុះឡើងទៅ មិនអីទេ គង់តែលិចទៅក្នុងបាតសមុទ្រទាំងអស់គ្នា ស្របតាមពាក្យចាស់ថា លិចទាំងប៉ីទាំងស្គរតែម្តង ។ ដូច្នេះយុទ្ធសាស្ត្រទាំង ៥ ចំណុចនេះ គឺជាយុទ្ធសាស្ត្រ ទ័លច្រក និងបំផ្លាញខ្លួនឯង យ៉ាងពិតប្រាកដ មិនអាចជៀសរួចជាដាច់ខាត ៕