ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា មហាសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលដៅយុទ្ធសាស្ត្រ ៦ចំណុច


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា មហាសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករានេះ បានដាក់ចេញគោលដៅយុទ្ធសាស្ត្រ ៦ចំណុច សម្រាប់រៀបចំគោលនយោបាយសម្រាប់ឆ្នាំ២០១៨-២០២៣​។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមបណ្ដាញទំនាក់ទំនង តេលេក្រាម ថា គោលដៅជាយុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា
១- គោរព ប្រតិបត្តិការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឲ្យបានស្ថិតស្ថេរ លើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់និងយុត្តិធម៌សង្គម ។
២- រក្សា ការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដីឲ្យបានគង់វង្ស ការពារសន្តិភាព និងសន្តិសុខជាតិ ។
៣- កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋរឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់ ។
៤- បន្តខិតខំអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ និងកាន់តែមានមូលដ្ឋាន រឹងមាំប្រែក្លាយពីប្រទេស មានចំណូលមធ្យមកម្រិតទាប ទៅជាមានចំណូល មធ្យមកម្រិតខ្ពស់ ។
៥- អភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចិរភាព ហិរញ្ញវត្ថុ ។
៦- កសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស និងអង្គការ អន្តរជាតិឲ្យកាន់តែរឹងមាំ ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតគណៈកម្មាធិការ កណ្តាល បក្សរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដើម្បីរៀបចំ គោលនយោបាយ សម្រាប់ឆ្នាំ២០១៨-២០២៣​៕