លោកជំទាវជូប៊ុនអេងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ លើគ្រប់វិស័យឆ្នាំ២០១៧និងលើកទិសដៅការងារឆ្នាំ២០១៨របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ សន្និបាតបូកសរុបលទ្ធផលការងារ លើគ្រប់វិស័យឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំងត្រូវបានប្រារព្វធ្វើពិធីបិទបន្ទាប់ពីបានដំណើការ នៃអង្គសន្និបាតរយៈពេលពីរថ្ងៃកន្លងមកនេះ ក្រោម អធិបតីភាពលោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ឌឌឿន អភិបាលខេត្តបានមានប្រសាសន៍ថា៖ក្នុងរយៈពេល២ថ្ងៃមកនេះអង្គសន្និបាតបាន ធ្វើការពិភាក្សាគ្នានូវចំណុចខ្លាំង ចំណុចខ្យោយ បញ្ហាប្រឈម មួយចំនួនដែលអាជ្ញាធរ មន្រ្តីរាជការ និង សមត្ថកិច្ចអនុវត្តនាពេលកន្លងមក និង ដាក់ផែនការសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៨នេះ ។

ឯកឧត្តមបានបន្តទៀតថា៖ ដោយមានការខិតខំពីមន្រ្តីរាជការសមត្ថកិច្ចជំនាញបានធ្វើអោយខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ លើគ្រប់វិស័យ ធ្វើអោយជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង ទាំងនៅទីក្រុងនិងជនបទ ។ ដោយឡែកនៅក្នុងក្រុងកំពង់ឆ្នាំង បានធ្វើការផ្លាស់ប្តូរនូវមុខមាត់ថ្មីដូចជា ផ្លូវ ភ្លើង ទឹក និង ការរៀបចំនូវសោភ័ណ្ឌភាពនៅក្នុងខេត្ត ធ្វើអោយមានការទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលធ្វើអោយកំណើនភ្ញៀវទេសចរណ៍កាន់តែមានការកើនឡើងមកទស្សនានៅក្នុងខេត្តកំពង់ឆ្នាំង ដោយធានាបាននូវសន្តិសុខ សុវត្ថិភាពល្អប្រសើរ ។

ឯកឧត្តមក៏បានលើកឡើងទៀតថា សមិទ្ធផលយ៉ាងច្រើនដែលបានសម្រេចនៅក្នុងខេត្តនាពេលនេះ បានមកពីការខិតខំប្រឹងប្រែង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ុន្តែយើងក៏នៅមានកិច្ចការមួយចំនួនទៀតនៅសេសសល់និងចន្លោះប្រហោង ដែលតម្រូវឲ្យយើងខិតខំដោះស្រាយបន្តជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ការទប់ស្កាត់បទល្មើសនេសាទ និងការបង្ក្រាបបទល្មើសនេសាទនៅតែជាឧបសគ្គ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមាន បញ្ហាសេវាសាធារណៈកន្លែងខ្លះនៅមិនទាន់ ឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋទាំងអស់ ។ ដែលបញ្ហាប្រឈមទាំងនេះ គឺទាមទារអោយ មានផែនការ ដោះស្រាយបន្តអោយមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ តម្រូវអោយមានកិច្ចសហការល្អ ទាំងមន្ត្រី ទាំងប្រជាពលរដ្ឋ ទើបអ្វីៗបានប្រសើរឡើង។

មានប្រសាសន៍បិទអង្គសន្និបាតនៅក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរសមិទ្ធផលនានា ដែលបានកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលទាំងនេះបង្ហាញអំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការទូទាំងខេត្ត ដែលបានរួមគ្នាធ្វើការអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង កាន់តែមានការផ្លាស់ប្តូរនិងប្រែមុខមាត់ថ្មី ទាំងសោភ័ណ្ឌភាពនិងអនាម័យនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនេះជាជំហានថ្មីមួយក្នុងដំណើរការអភិវឌ្ឍន៍សម្រាប់អណត្តិទី៥នេះ ។ លោកជំទាវបានជំរុញឲ្យថ្នាក់ដឹកនាំទាំងអស់ត្រូវពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀត និង ត្រូវមានឆន្ទៈ ក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ និងមានការទទួលខុសត្រូវ ដោយចូលរួមដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ ដោយបន្តអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

គណអធិបតីបានបំពាក់គ្រឿងឥស្សិរយយសការងារជូនដល់មន្រ្តីរាជការដែលមានស្នាដៃល្អ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ ។