លោកជំទាវ មិថុនា ភូថង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកោះកុង


ខេត្តកោះកុង : ថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាក្រុង ស្រុក និងអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ ចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិល ក្នុងនោះមានបទអន្តរាគមន៍ លើប្រធានបទ :
១-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាគ្រឿងញៀន
២-ការជម្រុញការអភិវឌ្ឍលើវិស័យទេសចរណ៍
៣-អនាម័យ បរិស្ថាន លើការគ្រប់គ្រងកាកសំណល់ រឹង រាវ និងប្រព័ន្ធលូ នៅក្នុងក្រុងខេមរភូមិន្ទ
៤-ការកសាងប្លង់គោលក្រុងខេមរភូមិន្ទ។