ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែមករានេះ បានលើកឡើងថា ក្រោយពេលដែលអតីតបក្ស ប្រឆាំង ត្រូវបានរំលាយ ដោយតុលាការ កំពូល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក ក្រុមអតីតបក្សប្រឆាំង បានរត់ភៀសខ្លួន ទៅក្រៅប្រទេសនិងបង្កើតចលនាសង្គ្រោះជាតិ ដែលជាចលនាឧទ្ទាមនិយមក្រៅច្បាប់។
ឯកឧត្តម សុខ ឥសាន បានឲ្យដឹង តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាមថា “ក្រៅច្បាប់ ដោយសារ ជាអង្គការចាត់តាំងបង្កើតឡើងដោយក្រុមជនខុសច្បាប់ ហើយធ្វើសកម្មភាពខុសច្បាប់ ។របស់ដែលហៅថា ចលនាសង្គ្រោះជាតិ មិនទាន់ទាំងបាន ប្រកាសជាចំហរផង ស្រាប់តែ ផ្ទៃក្នុងនៃក្រុមប្រឆាំងផ្ទុះឡើង នូវការខ្វែងគំនិតគ្នា រវាងក្រុម និយមកឹម សុខា និង ក្រុមនិយមសម រង្ស៊ី ដែលមានតាំងពីដើមមក ។
ការខ្វែងគំនិតគ្នានេះ មានតាំងពីថ្នាក់ដឹកនាំខាងលើរហូតដល់ថ្នាក់ក្រោមវាយប្រហារគ្នាឥតឈប់ឈ បន្តបន្ទាប់ដែលឆ្លុះបញ្ចាំងថាក្រុមប្រឆាំងមានទំនាស់គ្នា ជាប្រពៃណីតាំងពីមុនការចាប់បញ្ចូលគ្នាមកម៉្លេះ តហូតមកដល់ពេលដែលត្រូវបានរំលាយហើយ ក៏អដ្ឋិធាតុសល់ពីការរំលាយ នៅតែឈ្លោះ ទាស់ទែងគ្នាគ្មានទីបញ្ចប់ ជាក់ស្តែងពេលកំពុងជាប់ផុង ក្នុងក្តីភ័យអន្តរាយក៏នៅតែឆ្លៀត វាយប្រហារគ្នាទៀតប្រៀបដូចក្រុមប្រឆាំង កំពុងបែកចានបែកឆ្នាំង មិនអាចផ្សះផ្សារបាន រហូតដល់រលំរលាយអស់ទាំងស្រុង ទាំងរូបកាយ ទាំងអដ្ឋិធាតុ ទើបស្ងប់ចិត្តពួកគេ ទាំងពីរខាងនេះ។
ទាក់ទិននឹងចលនាសង្រ្គោះជាតិនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅបានបញ្ជា ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួនបង្រ្កាបចលនាសង្រ្គោះជាតិរបស់ លោក សម រង្ស៊ី ទោះក្នុងតម្លៃណា ក៏ដោយដើម្បីការពារសន្ដិភាពស្ថេរភាព បូរណភាពទឹកដី សន្ដិសុខសណ្ដាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕