ខេត្តស្ទឹងត្រែង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតនេះ រួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការ NGOs ក្នុងខេត្ត និងតំណាងវិស័យឯកជននានាក្នុងខេត្ត សរុបចំនួន ៣៧៤ នាក់។

នៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសន្និបាតនេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវវឌ្ឍនៈភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ឈានទៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកាអង្គសន្និបាតទាំងអស់ ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕