សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ អាស៊ាន- ឥណ្ឌា (ASEAN-India Commemorative Summit)


បន្ទាប់ពីពិធីផ្សព្វផ្សាយតែមប្រិ៍រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ជាផ្លូវការរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅទីក្រុង New Delhi សាធារណរដ្ឋឥណ្ឌា។

មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ ក៏បានយាងនិងអញ្ជើញចូលរួមក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោក Ram Nath Kovind ប្រធានាធិបតីឥណ្ឌា, លោក Venkaiah Naidu អនុប្រធានាធិបតី និង លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។
កិច្ចប្រជុំកំពូលនេះគឺក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ”។ មេដឹកនាំអាស៊ាន-ឥណ្ឌា បានប្តេជ្ញាក្នុងការខិតខំប្រឹងប្រែង និងសហការអនុវត្តផែនការសកម្មភាព ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) ឲ្យបានពេញលេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ មេដឹកនាំទាំងអស់បានបន្តគាំទ្រ និងចូលរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីក្នុងការថែរក្សានិងលើកកម្ពស់សន្តិភាព ស្ថិរភាព សុវត្តិភាពនិងសន្តិសុខលំហរសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុងតំបន់ និងការប្រើប្រាស់ដែនសមុទ្រស្របច្បាប់ដទៃទៀត និងការធ្វើពាណិជ្ជកម្មក្នុងលំហរសមុទ្រដោយមិនមានការរារាំង។ លើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនានាស្របតាមគោលការណ៍ទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) និងស្តង់ដារពាក់ព័ន្ធនឹងការអនុវត្តដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)និងអង្គការលំហរសមុទ្រអន្តរជាតិ(IMO)។ ពង្រឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រ តាមរយះយន្តការដែលមានស្រាប់ រួមទាំងវេទិកាទូលំទូលាយ ស្តីពីលំហរសមុទ្រអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនានាពាក់ព័ន្ធនឹងបញ្ហាលំហរសមុទ្រ។ ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់និងរូបភាព អំពើហឹង្សាជ្រុលនិយម និងរ៉ាឌីកាល់និយម តាមរយះការចែករំលែកព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងឥណ្ឌាលើការកសាងសមត្ថភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត (Internet) និងការសម្របសម្រួលគោលនយោបាយ។ បង្កើនទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា បន្ថែមទៀត រួមទាំងការប្រើប្រាស់ឲ្យបានពេញលេញ នូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា អោយបានទូលំទូលាយគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ទៅវិញទៅមក។ ជំរុញថែមទៀត នូវកំណើនប្រកបដោយស្ថិរភាព និងចីរភាព សម្រាប់សហគ្រាសមីក្រូតូចនិងមធ្យម តាមរយះការផ្ទេរបច្ចេកវិទ្យា ការផ្សព្វផ្សាយ ការទទួលយក និងការសម្របខ្លួន ក៏ដូចជាការពង្រឹងការកសាងសមត្ថភាពជំនួញផ្នែកបច្ចេកទេស បណ្តាញចែកចាយ បរិក្ខារហិរញ្ញវត្ថុ ការទទួលបាននូវនវានុវត្តន៍ និងកាលានុវត្តភាព ដើម្បីធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់តម្លៃសកលលោកនិងតំបន់។ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខស្បៀងរយះពេលវែង និងសន្តិសុខថាមពលក្នុងតំបន់ តាមរយះការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងថាមពល។ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ បន្តពង្រឹងទំនាក់ទំនងលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទៅតាមផ្នែកពាក់ព័ន្ធ ស្របជាមួយនិងផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៦-២០២៥។ បន្តលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន និងពង្រឹងទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច តាមរយះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឥណ្ឌា និងលើកទឹកចិត្តដល់ព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតផល និងេសវាកម្មរបស់អាស៊ាននិងឥណ្ឌា ដើម្បីពង្រីកនិងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច។ យើងក៏រងចាំផងដែរនូវ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន ឥណ្ឌា។ ពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងវប្បធម៌ តាមរយះការលើកម្ពស់វិស័យបវ្បធម៌ និងការលើកកម្ពស់រវាងប្រជាជននិងប្រជាជន តាមរយះកម្មវិធីដូចជា កិច្ចសន្ទនាដែល្លី បណ្តាញក្រុមអ្នកវិភាគអាស៊ាន ឥណ្ឌា កម្រងបទឧទ្ទេសនាមរបស់ឥស្សរជនឆ្នើមអាស៊ាន វគ្គបណ្តុះបណ្តាលមន្រ្តីការទូត ក៏ដូចជាកម្មវិធីផ្លាស់ប្តូរសម្រាប់និស្សិត សមាជិកសភា កសិករ ប្រព័ន្ធឃោសនា និងកម្មវិធីយុវជនផ្សេងៗទៀត។ ពង្រឹងកិច្វសហប្រតិបតិ្តការអាស៊ាន ឥណ្ឌា ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ រួមមាន ការគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបតែមួយ : អាស៊ានឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយទាំងក្នុងតំបន់និងក្រៅតំបន់ ហើយបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូឥណ្ឌា ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងការសម្របសម្រួលលើការគ្រប់គ្រងគ្រោះ មហន្តរាយក្នុងតំបន់។ លើកកម្ពស់កិច្ចសន្ទនារវាងមន្រ្តីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់អាស៊ាន និងឥណ្ឌា ដើម្បីលើកម្ពស់និងកាពារសិទ្ធិ ក៏ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនិងកុមារ និងលុបបំបាត់រាល់ទម្រង់នៃអំពើហឹង្សាលើពួកគេ។ បង្កើនកិច្ចសហប្រតិបត្តិការអភិរក្សានិងគ្រប់គ្រងជីវះចម្រុះ តាមរយះការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការធ្វើសកម្មភាពស្រាវជ្រាវរួម និងកម្មវិធីកសាងសមត្ថភាពដើម្បីដោះស្រាយការបាត់បង់នូវជីវះចម្រុះ និងការសឹករេចរិលនៃប្រព័ន្ធអេកូឡូស៊ី រួមទាំងគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ជីវះចម្រុះ។ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ការបង្កើនការតភ្ជាប់រូបវន្ត និឌីជីថល ស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពីបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឆ្នាំ២០២០ តាមរយះការប្រើប្រាស់ឥណទាន ១ប៊ីលានដុល្លាអាមេរិក ដែលឥណ្ឌាបានប្រកាសដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត និងឌីជីថល។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន តាមរយះការអនុវត្តផែនការការ ងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលបានកើតឡើងក្នុងរយះពេល២៥ឆ្នាំកន្លងមកគឺជាមោទនភាពមួយសម្រាប់រូបសម្តេច ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណះដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការ ពិចារណាកំណត់ទិសដៅអនាគត់លើការងារសំខាន់ៗចំនួន៦ ដែលជាទិសដៅនិងជាចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ កម្ពុជាគាំទ្រនិងបន្តចូលរួមក្នុងសកម្មភាពនានា និងតាមរយះយន្តការនានាដែលមានស្រាប់នាំមុខដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិងចោរកម្មនៅក្នុងលំហសមុទ្រ។ ជាមួយគ្នានេះ កម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើមកិច្ចសហប្រតិបត្តិការលំហសមុទ្ររវាងប្រទេសសមាជិកអាស៊ាននិងដៃគូសន្ទនា ដើម្បីបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់ តាមរយះការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន- ឥណ្ឌាថ្ងៃនេះ គឺមេដឹកនាំអាស៊ាន-ឥណ្ឌា បានសម្រេចចេញនូវសេចក្តីថ្លែងការណ៍ដែល្លីនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ៕