ឯកឧត្តម សុខ ឥសាន បានពន្យល់ ពីអតីតគណបក្សសង្រ្គោះជាតិ និងចលនាសង្រ្គោះជាតិថា


ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ គឺជាការកំណត់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ​និងមន្ត្រីជំនិតរបស់ខ្លួនប៉ុន្មាននាក់ ដែលបានប្រកាស កាលពីពេលកន្លងមកថា ចលនាសង្រ្គោះជាតិ នឹងត្រូវប្រកាសបង្កើតឡើង ជាផ្លូវការនៅថ្ងៃនេះ ទោះបីជាមានការព្រមាន ឬគំរាមពីសំណាក់ រដ្ឋមន្រ្តីក្រសួងការពារជាតិខ្មែរ យ៉ាងណាក៏ដោយ។ ប៉ុន្តែ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានពន្យល់ ពីអតីតគណបក្សសង្រ្គោះជាតិ និងចលនាសង្រ្គោះជាតិថា របស់ទាំងពីរនេះ មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ហើយថា ចលនានេះគឺខុសច្បាប់ទាំងស្រុង ព្រោះអ្នកនយោបាយទាំង១១៨រូប ត្រូវបានកាត់សិទ្ធិធ្វើនយោបាយ រយៈពេល៥ឆ្នាំ ដូច្នេះពួកគេគ្មានសិទ្ធិអ្វីនោះទេ។

សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើង កាលពីថ្ងៃទី២៥ មករា ថា បើសិនជាចលនាសង្រ្គោះជាតិ បង្កើតចេញរូបរាងនៅពេលណា នឹងចាត់ការភ្លាមៗតែម្តង មិនទុកបណ្តោយឲ្យនៅយូរនោះទេ។

ក្រោយពេលដែលលោក សម រង្ស៊ី បានប្រកាស ពីការបង្កើតចលនាសង្គ្រោះជាតិ នៅថ្ងៃទី១៤ មករា មានប្រតិកម្មជាបន្តបន្ទាប់ ​ពិសេស ក្នុងជួរអតីតគណបក្សសង្គ្រោះជាតិ ដែលមាននិន្នាការគាំទ្រ លោក កឹម សុខា ក្នុងនោះ លោក កឹម សុខា ជាដើម ក៏បានប្រកាសមិនគាំទ្រ នោះឡើយ ។

ក្រុមសមាជិកសភា របស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្ស បានបង្កើតចលនាសង្គ្រោះជាតិ។ ករណីនេះត្រូវបានលោក សម រង្ស៊ី ខ្លួនឯងអះអាងថា ដើម្បីបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល រំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឲ្យរស់ឡើងវិញ ។ ជាងនេះ ចលនានេះ ជាការចលនាតស៊ូផ្នែកនយោបាយមួយ នៅក្រៅប្រទេសដែលអាចឲ្យអ្នកផ្សេងចូលរួមបានគ្រប់គ្នា។
លោក សម រង្ស៊ី បានលើកឡើងតាម រយៈវិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃទី១៥ មករា ថា ចលនានេះ នឹងលេចចេញជារូបរៀង ប្រហែលជានៅថ្ងៃ ២៨ មករា ចុងខែ ក្នុងនោះក៏មានក្រុមអង្គការសង្គមស៊ីវិល ចូលរួមផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាលោក មិនទាន់បញ្ជាក់ពីអត្តសញ្ញា របស់អង្គការណា មកចូលរួមនៅឡើយទេ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងនៅថ្ងៃទី២៨ មករា ថា អតីតបក្សសង្គ្រោះជាតិ ​ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល និងមន្ត្រីសំខាន់ៗ ចំនួន ១១៨ នាក់ ត្រូវហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ តាំងពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម៉្លេះ ។ ដូច្នេះ បើសិនជាមន្ត្រី ទាំង១១៨នាក់ នៅធ្វើសកម្មភាពនយោបាយ ដោយចំហរក្តី ដោយលួចលាក់ក្តី សុទ្ធតែត្រូវប្រឈមចំពោះមុខ ច្បាប់ទាំងអស់ ។

ឯកឧត្តម ថា “ចំពោះរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ដែលដឹកនាំបង្កើតដោយសម រង្ស៊ី ក៏ជាអង្គការចាត់តាំងខុសច្បាប់ បើធ្វើសកម្មភាពអ្វីមួយ ក៏ខុសច្បាប់ដែរ ។ ការញុះញង់បំផុសឲ្យប្រជាជន ងើបឡើងបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាល និងប្រជាជនខ្លួនឯង គឺជាអំពើភេរវកម្ម ដែលជាកំហុសកាន់តែធ្ងន់ធ្ងរ ថែមទៀត” ។

ឯកឧត្តម បន្តទៀថា ដូច្នេះ ទាំងអតីតបក្សសង្គ្រោះជាតិ ទាំងរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ ដូចគ្នាទាំងអស់ មិនអាចប្រកែកបានឡើយ៕