ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ និងឯកឧត្តម ថង សាវុន អញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកបរកែវ ខេត្តរតនគិរី


នារសៀលថ្ងៃសៅរ៍ ១១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ លី​ ធុជ​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត​ និងឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ​ អ្នកគ្រូពេទ្យ​ និងអ្នកជម្ងឺ​ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក​ ស្រុកបរកែវ​ ។

នៅក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះដែរ​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានប្រគល់ជូននូវរទះរុញ​ សម្រាប់អ្នកជម្ងឺជូនដល់មន្ទីរសុខាភិបាលខេត្តចំនួន​ ១០០​ សម្រាប់បែងចែកនៅតាមមន្ទីរពេទ្យបង្អែក​ មណ្ឌលសុខភាព​ នានាទូទាំងខេត្ត​ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ និងឯកឧត្តម​អភិបាលខេត្ត​ បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ​ និងក្តីនឹករលឹក​ ពីសំណាក់សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ជូនចំពោះលោកគ្រូ​ អ្នកគ្រូពេទ្យ​ និងបងប្អូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបរកែវ​ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិជ្ជាជីវៈក្រុមគ្រូពេទ្យ​ ដែលបានខិតខំព្យាបាលអ្នកជម្ងឺអស់ពីលទ្ធភាព​ ។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ និងឯកឧត្តម​អភិបាលខេត្តផ្តាំផ្ញើលោកគ្រូ​ អ្នកគ្រូពេទ្យ​ ទាំងអស់ត្រូវខិតខំព្យាបាល​ យកចិត្តទុកដាក់ជាមួយអ្នកជម្ងឺឲ្យដូចក្រុមគ្រួសារ​ បងប្អូនខ្លួនឯង​ ។ ជាងនេះទៅទៀតត្រូវគោរពក្រមសីលធម៌​ វិជ្ជាជីវៈឲ្យបានខ្ចប់ខ្ជួន​ ដើម្បីលើកកម្ពស់វិជ្ជាជីវៈរបស់ខ្លួ​នប្រកបដោយក្តីស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ​ អ្នកជម្ងឺគ្រប់ប្រភេទ​ ។
ក្នុងឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ និងឯកឧត្តម​អភិបាលខេត្ត​ បានចែកជូននូវថវិកា​ និងឃីតមួយកញ្ចប់ជូនបងប្អូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបរកែវផងដែរ​ ។