នារសៀលថ្ងៃសៅរ៍ ១១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកបរកែវ ។
នៅក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់ជូននូវរទះរុញ សម្រាប់អ្នកជម្ងឺជូនដល់មន្ទីរសុខាភិបាលខេត្តចំនួន ១០០ សម្រាប់បែងចែកនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព នានាទូទាំងខេត្ត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនចំពោះលោកគ្រូ អ្នកគ្រូពេទ្យ និងបងប្អូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបរកែវ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលបានខិតខំព្យាបាលអ្នកជម្ងឺអស់ពីលទ្ធភាព ។
ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តផ្តាំផ្ញើលោកគ្រូ អ្នកគ្រូពេទ្យ ទាំងអស់ត្រូវខិតខំព្យាបាល យកចិត្តទុកដាក់ជាមួយអ្នកជម្ងឺឲ្យដូចក្រុមគ្រួសារ បងប្អូនខ្លួនឯង ។ ជាងនេះទៅទៀតត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ចប់ខ្ជួន ដើម្បីលើកកម្ពស់វិជ្ជាជីវៈរបស់ខ្លួនប្រកបដោយក្តីស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ អ្នកជម្ងឺគ្រប់ប្រភេទ ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានចែកជូននូវថវិកា និងឃីតមួយកញ្ចប់ជូនបងប្អូនអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបរកែវផងដែរ ។