ឯកឧត្តម ឃួង ស្រេង បញ្ជាមន្ទីរជំនាញ ដាក់គ្រឿងចក្រជួសជុលជាបន្ទាន់នៃការបាក់កំណាត់ផ្លូវបេតុង អបប្រឡាយស្ទឹងមានជ័យ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគីរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាព នៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ពីសំណាក់ ឯកឧត្តម ឃួង ស្រេង ធ្វើឡើង ដើម្បីស្វែងរកមូលហេតុ ឈានទៅរកការទប់ស្កាត់ កុំឲ្យបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗ ចំពោះប្រជាពលរដ្ឋអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតំបន់នេះ។

លោក សាំ ពិសិដ្ឋ បានបញ្ជាកថា ខណៈឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ ឯកឧត្តមក៏បានណែនាំមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនិងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន (ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕